(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាស និងអំពាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅការត្រៀមខ្លួន និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន មានការប្រុងប្រយ័ត្ន ចំពោះការបាក់ស្រុតផ្ទះសំបែង ជាយថាហេតុ ដែលមានសាងសង់នៅគៀកនៅតាមមាត់ស្ទឹងសែនតែម្តង។ ស្ថានីយ៍វាស់កម្ពស់ទឹកធំៗ ចំនួនពីរកន្លែង នៅក្នុងខេត្តកំពង់ធំ គឺស្ថានីយ៍ស្រុកសណ្តាន់ និងស្ថានីយ៍កំពង់ធំ កើនឡើងលើសកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន។
តាមការរាយការណ៍ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ទឹកជំនន់ស្ទឹងសែនមានហូរចូល ទៅកាន់ភូមិ និងតំបន់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួនប្រាំស្រុក គឺស្រុកកំពង់ស្វាយ ចំនួន០២ឃុំ គឺ(ឃុំព្រៃគុយ និងឃុំកំពង់ស្វាយ) ស្រុកសណ្តាន់ ចំនួន៤ មាន(ឃុំមានជ័យ, ឃុំឈើទាល, ឃុំងន និងឃុំក្លែង) ស្រុកប្រាសាទសំបូរ ចំនួន០៥ឃុំ គឺ(ឃុំឈូក, ឃុំតាំងក្រសៅ, ឃុំគោល, ឃុំសំបូរ និងឃុំស្រើង) ស្រុកស្ទោង ចំនួន៣ឃុំ គឺ(ឃុំម្សារក្រង, ឃុំសំព្រោច និងឃុំបន្ទាយស្ទោង) និងក្រុងស្ទឹងសែន ចំនួន០៤សង្កាត់ មាន(សង្កាត់កំពង់ក្របៅ, សង្កាត់ព្រៃតាហ៊ូ, សង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ)។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋផ្សេងទៀត ដែលមិនទាន់ គឺកំពុងស្ថិតនៅសភាពតាមដានបន្ត ប្រសិនបើឃើញថា អាចមានគ្រោះថ្នាក់នឹងធ្វើការជម្លៀសបន្តទៀត ហើយក្នុងចំណោម ៤០៦គ្រួសារ ដែលធ្វើការជំលៀសមកកាន់ទីទួលសុវត្ថិភាព ក្រុមការងាររបស់អាជ្ញាធរខេត្តបានចុះចែកសម្ភារប្រើប្រាស់ និងសួរសុខទុក្ខដោយផ្ទាល់បានចំនួន២០៦គ្រួសារ ព្រមទាំងបន្តចុះសួរសុខទុក្ខ ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កំពស់ទឹកស្ទឹងសែន នៅស្ថានីយ៍កំពង់ធំ មានកម្ពស់១៣.៥៥ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្ន ចំនួន០.០៥ម៉ែត្រ និងស្ថានីយ៍ស្រុកសណ្តាន់ មានកម្ពស់ទឹក១៩.២២ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្នចំនួន០.៧២ម៉ែត្រ។ កម្រិតប្រៀបធៀប កម្ពស់ទឹកប្រចាំឆ្នាំនៅឆ្នាំ២០១៨ ចំនួន១២.៧៦ម៉ែត្រ និងឆ្នាំ២០១៩ មានកំពស់ ១៣.៥៥ម៉ែត្រ មានការកើនឡើងជាងឆ្នាំមុនចំនួន០.៦៤ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរកទីទួលសុវត្ថិភាព ក៏ដូចជាមានការប្រុងប្រយ័ត្ន ហើយរស់នៅដោយមានអនាម័យល្អ៕