(ភ្នំពេញ)៖ គួរឲ្យអាណិតអាសូរណាស់ ដល់បុរសពិការភាពម្នាក់ បានស្លាប់យ៉ាងអាណោចអាធម៌ ខណៈក្មេងប្រុសសិស្សសាលាម្នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឈ្មោះ ហ៊ីម ហាយ គីមម៉ាស់ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ។ ឆេះផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសី ទំហំ០៤ម៉ែត្រ គុណ១២ម៉ែត្រ អស់ចំនួន៤ខ្នង និងឆេះរោលផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ០៦ម៉ែត្រ គុណ១២ម៉ែត្រ ចំនួន២ខ្នង (ឆេះអស់៥០ភាគរយ)។ មូលហេតុបង្កឡើងដោយមនុស្ស។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សប្រុសម្នាក់ ឈ្មោះ ហ៊ីម ប៉ាសារី អាយុ២៥ឆ្នាំ (ពិការភាព) មុខរបរនៅផ្ទះ និងម្នាក់ទៀតរងរបួសស្រាល ឈ្មោះ សៃ ភូឡោះ អាយុ១៥ឆ្នាំ មុខរបរសិស្ស។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើនឹង៨១ម៉ែត្រគូប៕