(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ម្ចាស់យានយន្តប្រកបរបរដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវលេខ៣១៣ ត្រង់ចំណុច (កអណ្តើក-កែងស្នេហ៍) ដោយសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវនេះ ដោយសារទឹកជំនន់។
រដ្ឋបាលខេត្តព្រៃវែងបានឱ្យដឹងថា ដើម្បីការពារផ្លូវកុំឱ្យបាក់ស្រុតជៀសវាងមានការខូចខាតធ្ងន់ធ្ងរ និងបង្ការគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលខេត្តព្រៃវែង បានបញ្ជាក់ដូចខាងក្រោម៖
ទី១៖ ផ្អាកការធ្វើចរាចរណ៍ ទៅមកជាបណ្តោះអាសន្ននៅចំណុចខាងលើ។
ទី២៖ ប្រគល់ភារកិច្ចជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការត្រួតពិនិត្យផ្នែកបច្ចេកទេស ដាក់ស្លាកសញ្ញាហាមឆ្លងកាត់ ស្លាកសញ្ញាចំណុចគ្រោះថ្នាក់ផ្សេងៗធ្វើការ ទប់ស្កាត់ការបោះបាក់ផ្លូវ...។ល។
ទី៣៖ អភិបាលស្រុកឃុំពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយហាមឃាត់ប្រជាពលរដ្ឋ ដែលមានយានយន្តប្រកបរបរដឹកទំនិញគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ចំណុចខាងលើចៀសវាង មានការគ្រោះថ្នាក់ផ្សេងៗ៕