(ថៃ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី រួមជាមួយ លោក គង់ វណ្ណៈ ព្រឹទ្ធបុរសមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សា លើប្រព័ន្ធបច្ចេកវិទ្យាទំនើប នៃផលិតកម្មកសិកម្មបន្លែសុវត្ថិភាព និងវារីវប្បកម្ម នៅកសិដ្ឋានមួយចំនួន នៅប្រទេសថៃ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៩។
ឆ្លៀតក្នុងឱកាសនេះដែរ លោក កៅ ថាច ក៏បានចុះពិនិត្យមើលអំពីបច្ចេកទេសដ៏ទំនើប នៃវិធីចិញ្ចឹមត្រីទីឡាប់យ៉ា ត្រីអណ្តែង ត្រីរ៉ស់ និងបង្កងជាដើម នៅនាយកដ្ឋានចំណីអាហារ វារីវប្បកម្ម និងធនធានជីវចម្រុះ (Department of Food, Agriculture, and BioResources) នៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន (Asian Institute of Technology) ផងដែរ។
លោក កៅ ថាច ក៏បានគូសបញ្ជាក់ថា ការបំពេញទស្សនកិច្ចសិក្សានៅលើកនេះ បានផ្តល់នូវបទពិសោធន៍ និងគំរូអាជីវកម្មល្អៗ សម្រាប់ជាមូលដ្ឋានដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការសិក្សា ជាមួយអ្នកជំនាញការផ្នែកកសិកម្ម និងធ្វើការជំរុញដល់ការផ្តល់ឥណទានគំាទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងវារីវប្បកម្មខ្នាតតូច និងមធ្យម ឲ្យដល់តួអង្គអនុវត្តផ្ទាល់ជាគោលដៅ ដោយប្រើប្រាស់បច្ចេកទេសទំនើប ដែលអាចបង្កើនទិន្នផលផលិតលើផ្ទៃដីតូចៗ និងកាត់បន្ថយថ្លៃដើមផលិត ព្រមទំាងរួមចំណែកបង្កើតការងារ និងផលចំណូលដល់ប្រជាកសិករ និងសហគមន៍កសិកម្មនៅទីជនបទផងដែរ៕