(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទទួលស្វាគមន៍លោក ខាំផែង សាយសំផេង (Khampheng Saysompheng) រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការជួបពិភាក្សានេះក៏ស្របនឹងកំលុងពេលលោករដ្ឋមន្ត្រីឡាវ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសិទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ នៃកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នាថ្ងៃទី១៧ ខែកញ្ញា ស្អែកនេះ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងការពេញចិត្តចំពោះលទ្ធផលកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ នៃប្រទេស CLMTV នាថ្ងៃនេះ ដែលបានសម្រេចឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាប ដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារស្ដីពី ចល័តភាពនៃសន្ដិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ ក្នុងប្រទេស CLMTV។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានលើកឡើងអំពីការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ហើយបានប្ដេជ្ញាអនុវត្តអនុស្សរណៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងទៀតនេះឱ្យមានប្រសិទ្ធភាព។
លោក ខាំផែង សាយស៊ុផេង ក៏បានជម្រាបពីបំណងក្នុងការអញ្ជើញលោករដ្ឋមន្ត្រី អ៉ិត សំហេង ទៅទស្សនកិច្ចនៅប្រទេសឡាវ នៅអំលុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕