(កំពត)៖ ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស, ប្រតិភូក្រុមការងារយុវជនក្រៅប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បាននាំយកថវិកាសប្បុរសធម៌ របស់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប្រគល់ជូនក្រុមគ្រួសារសព និងជនរងគ្រោះចំនួន៨នាក់ នៅក្នុងស្រុកដងទង់ និងកំពង់ត្រាច ខេត្តកំពត ដែលរងគ្រោះ និងស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ការនាំយកអំណោយសប្បុរសធម៌នេះ អនុវត្តន៍តាមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេសផងដែរ។

ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត និងប្រតិភូក្រុមការងារយុវជនក្រៅប្រទេស ដែលបានស្វែងរកមូលនិធិ ជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើនបន្តបន្ទាប់ ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង ក្នុងការដឹកជញ្ជូនសព ជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត អភិបាលស្រុក សមាជិកក្រុមប្រឹក្សា ថ្នាក់ដឹកនាំភូមិ-ឃុំ សកម្មជនយុវជនគណបក្សជនកម្ពុជា ព្រមទាំងតំណាងក្រុមគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ ក្រុមការងារ សរុបចំនួន ៥០រូប៕