(ភ្នំពេញ)៖ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបញ្ជាក់ឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ ធនាគារ អេស៊ីលីដា នឹងដាក់ឲ្យប្រើប្រាស់ App ទាន់ចិត្ត ដើម្បីអនុម័នឥណទាន ដើម្បីងាយស្រួលទៅដល់អថិតិជនដែលមានតម្រូវការ ដោយមិនចាំបាច់មកការិយាល័យរបស់ធនាគារ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលបណ្ឌិត អ៉ិន ចាន់នី ចូលមកពន្យល់អំពី «វឌ្ឍនភាពវិស័យធនាគារ និងការរីកចម្រើន នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា» ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News។
បណ្ឌិត អ៉ិន ចាន់នី បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលដែលអតិថិជនត្រូវការសុំខ្ចីលុយ (ឥណទាន) គាត់ត្រូវមកបញ្ជរការិយាល័យរបស់ធនាគារ និងត្រូវការជួបធនធានរបស់យើង ផ្នែកខាងសេវាឥណទាន ដើម្បីពិគ្រោះលើផែនការអនុវត្ដឲ្យខ្ចីលុយ ប៉ុន្ដែទៅថ្ងៃមុខ យើងចង់ឲ្យ ទាន់ចិត្ដ គឺអ្នកអនុម័តតែម្ដង»។
ទន្ទឹមគ្នានោះ បណ្ឌិត អ៉ិន ចាន់នី ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅពេលប្រើប្រាស់បច្ចេកវិទ្យាបែបនេះ មិនមែនធ្វើឲ្យកាត់ចំនួនមនុស្សនោះទេ ប៉ុន្ដែធ្វើឲ្យធនធានមនុស្សដដែល អាចធ្វើឲ្យពួកគាត់ ធ្វើការបានច្រើនមុខ ហើយមានប្រសិទ្ធិភាពខ្ពស់ជាងមុនទៅទៀត។
បណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា តួនាទីរបស់ធនាគារ គឺជាអ្នកបម្រើគ្រប់សេចក្ដីត្រូវការ របស់អតិថិជន២៤ម៉ោងលើ២៤ម៉ោង ដូច្នេះត្រូវធ្វើយ៉ាងណា ផ្ដល់ភាពងាយស្រួលទៅដល់អថិតិជន ដើម្បីបំពេញតម្រូវការ ដែលពួកគាត់ត្រូវការ។
ជាមួយគ្នានោះ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា ក្នុង១ថ្ងៃៗធនាគារអេស៊ីលីដា នៅតាមមាស៊ីន ATM មានចំនួន៥០ម៉ឺនប្រតិបត្ដិ ក្នុង១ថ្ងៃៗ ដែលមានទឹកលុយស្មើនឹង៧លានដុល្លារអាមេរិក។ ប៉ុន្តែបន្ទាប់ពីមាន App ទាន់ចិត្ត ចំនួនប្រតិបត្តិការតាម ATM បានថយចុះ បានសេចក្តីថា អតិថិជនងាយមកប្រើ App កាន់តែច្រើន។
បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងទៀតថា ប្រទេសកម្ពុជា មានធនាគារសរុបចំនួន៥៨ (មិនគិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) និងមានសាខាការិយាល័យរាប់ពាន់កន្លែង និងមានបុគ្គលិកបម្រើការងារជាង៣ម៉ឺននាក់ ក្នុងឆ្នាំ២០១៨។
បណ្ឌិត អ៉ិន ចាន់នី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ថ្វីត្បិតតែជាប្រទេសកំពុងធ្វើការអភិវឌ្ឍន៍ ប៉ុន្ដែកម្ពុជាចាប់ទាន់បច្ចេកវិទ្យាទំនើប លើវិស័យហិរញ្ញវត្ថុ ដូចប្រទេសដែលអភិវឌ្ឍន៍ និងមានការរីកចម្រើន គួរឲ្យកត់សម្គាល់៕