(កំពត)៖ លោក ជាវ តាយអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង និងសង្កាត់ពាក់ព័ន្ធ ចុះពិនិត្យទីតាំងចំណតរថយន្ត ក្នុងក្រុងកំពត ដើម្បីកែសម្រួលសោភណ្ឌភាព និងសណ្តាប់ធ្នាប់ឲ្យកាន់តែប្រសើរឡើង។
ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានស្នើក្រុមអ្នកវិនិយោគចំណតរថយន្ត សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃក្រុងកំពត ត្រូវរៀបចំប្រព័ន្ធលូឡើងវិញ ដើម្បីបង្ហូរទឹកចេញពី បរិវេណចំណតរថយន្ត ដែលកន្លងមករាល់ពេលភ្លៀងម្ដងៗ មានការជន់លិចថ្នល់ បណ្ដាលឱ្យខូចហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ពិសេសនៅជុំវិញចំណតរថយន្តក្រុង ដែលស្ថិតនៅមុខសាលាសង្កាត់ក្រាំងអំពិលនៃក្រុងកំពតតែម្តង។
លោកអភិបាលខេត្ត ក៏បានស្នើឲ្យអ្នកវិនិយោគចំណតរថយន្ត រៀបចំសោភណ្ឌភាព ដោយចាក់បេតុងកុំឲ្យមានទឹកដក់លិចផ្លូវ និងបន្ថែមឲ្យមានរោង ដើម្បីឲ្យរថយន្តចតឲ្យបានស្រួលផងដែរ៕