(ឥណ្ឌូនេស៊ី)៖ គណៈប្រតិភូយុវវិស្វករកម្ពុជា ដឹកនាំដោយលោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា បានចូលរួមសន្និសីទ វិស្វកម្មអាស៊ានលើកទី៣៧ ចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយសន្និសីទនេះមានការចូលរួមពីប្រធាន និងតំណាងយុវវិស្វករ នៃប្រទេសអាស៊ាន រួមនឹងជប៉ុន ហុងកុង និងកូរ៉េផងដែរ។
សន្និសីទវិស្វកម្មអាស៊ានលើកទី៣៧នេះ ក្រុមប្រឹក្សាយុវវិស្វករអាស៊ាន បានពិភាក្សាស្តីពីការជំរុញ និងលើកកម្ពស់ការបណ្តុះបណ្តាល ការចែករំលែកបទសោធន៍-របកគំហើញថ្មី លើវិស័យវិស្វកម្ម រួមនឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត រវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងតំបន់អាស៊ីផងដែរ។
នៅក្នុងសន្និសីទនេះ ប្រធានយុវវិស្វករនៃប្រជាជាតិអាស៊ាន បានចុះហត្ថលេខាស្តីពីការធ្វើបច្ចុប្បន្នភាព និងវិសោធនកម្មលើធម្មនុញ្ញភាពរបស់យុវវិស្វករអាស៊ានផងដែរ។
គណៈប្រតិភូយុវវិស្វករអាស៊ាន ត្រូវបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងការអនុសាសន៍ណែនាំ ពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងលំនៅដ្ឋាននៃប្រទេសឥណ្ឌូនេស៊ី និងអភិបាលក្រុងហ្សាកាតា ព្រមទាំងបានការចុះទស្សនកិច្ចសិក្សាលើប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុង(ឡានក្រុង និងរថភ្លើង) ក្រុមហ៊ុនបម្រើសេវាសាធារណៈ និងក្រុមហ៊ុនសំណង់ធំៗនៅក្នុងទីក្រុងហ្សាកាតា។
នៅក្នុងសន្និសីទនេះ លោក ប៉ែត សារ៉ាត់ និង លោកស្រី ជិត សុផាផន ដែលជាអនុប្រធានយុវវិស្វករកម្ពុជា រួមនឹងសមាជិកយុវវិស្វករកម្ពុជាចំនួន១៧រូបទៀត ត្រូវបានក្រុមប្រឹក្សាវិស្វកម្មអាស៊ានសម្រេចទទួលស្គាល់ និងប្រគល់មេដាយជាយុវវិស្វករអាស៊ានផងដែរ៕