(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំរួមគ្នា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាព រវាងធនាគារទាំង២។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Le Minh Hung ទេសាភិបាលធនាគាររដ្ឋ នៃប្រទេសវៀតណាម ព្រមទាំងមន្រ្ដីធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមជាច្រើនរូបផងដែរ។
កិច្ចប្រជុំទ្វេភាគីនេះរៀបចំឡើង ក្នុងគោលបំណងរឹតចំណងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ ក្នុងនោះភាគីទាំង២បានពិភាក្សា ផ្លាស់ប្តូរយោបល់លើស្ថានភាពម៉ាក្រសេដ្ឋកិច្ច និងវិស័យធនាគារ និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
ភាគីទាំង២បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិកម្ពុជា និងធនាគាររដ្ឋវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ធនាគារកណ្តាលទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍ ទៅវិញទៅមកទៅលើការងារចម្បងៗ សំដៅពង្រឹងប្រសិទ្ធភាពការងារស្នូល របស់ធនាគារកណ្តាលព្រមទាំងពង្រឹងសមាហរណកម្ម វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគាំទ្រដល់ពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ។
លោក ជា ចាន់តូ ថ្លែងឲ្យដឹងថា កិច្ចប្រជុំទ្វេភាគីនៅពេលនេះនៅតែបន្ដ កិច្ចសហការល្អបន្ថែមទៀត ដើម្បីគាំទ្រវិស័យធនាគារ និងហិរញ្ញវត្ថុនៅប្រទេសទាំង២។
លោកបានបន្ថែមថា ធនាគាររដ្ឋវៀតណាម បានជួយជ្រោមជ្រែង លើវិស័យធនាគារនៅកម្ពុជា ទាំងជំនួយបច្ចេកទេស ការកសាងធនធានមនុស្សដែលជាមូលដ្ឋាន ក្នុងការសាងប្រព័ន្ធធនាគារនៅកម្ពុជា។
លោកបន្ថែមថា «ខ្ញុំសូមអរគុណឯកឧត្តមទេសាភិបាល ធនាគាររដ្ឋវៀតណាម ដែលតែងតែគាំទ្រលើ កិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ ពិសេសការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដែលបានផ្ដល់អាហារូបករណ៍ ដល់ធនាគារជាតិនៃកម្ពុជា ទៅសិក្សានៅប្រទេសវៀតណាមជាដើម»។
លោក Le Minh Hung បានថ្លែងឲ្យដឹងថា «ខ្ញុំសូមអរគុណចំពោះឯកឧត្តម ជា ចាន់តូ និងមន្រ្ដីធនាគារជាតិនៃកម្ពុជាទាំងអស់ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈប្រតិភូធនាគារវៀតណាម ក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមនៅឆ្នាំ២០១៩នេះ»។
លោក Le Minh Hung បានថ្លែងបន្ដថា រយៈពេល៤០ឆ្នាំកន្លងមកទំនាក់ទំនង រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម មានភាពស្អិតរមួត និងតែងតែជួយគ្នាក្នុងការអភិវឌ្ឍន៍ លើវិស័យធនាគារ ដោយសារតែមានការចង្អុលបង្ហាញ របស់ធនាគារកណ្ដាលនៃប្រទេសទាំង២ ធ្វើឲ្យសេដ្ឋកិច្ចទាំង២ ទទួលបានលទ្ធផល គួរឲ្យកត់សំគាល់។
លោកបានបន្ថែមថា តាមរយៈកិច្ចប្រជុំទ្វេភាគីជារៀងរាល់ឆ្នាំ ក៏អាចបង្ហាញពីទំនាក់ទំនងស្អិតរមួត បានជួយសហការគ្នាទៅវិញទៅមករវាង ធនាគារកណ្ដាលនៃប្រទេសទាំង២។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះធនាគារកណ្ដាលទាំងពីរ បានឯកភាពបន្តផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ពិសេសទៅលើការលើកកម្ពស់ ការទូទាត់ជារូបិយវត្ថុជាតិ សម្រាប់ពាណិជ្ជកម្មឆ្លងដែនតាមរយៈប្រព័ន្ធធនាគារលើ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិជាដើម៕