(ភ្នំពេញ)៖ រដ្ឋមន្រ្តី វេង សាខុន នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានទទួលជួបលោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកស្រីអនុប្រធានធនាគារពិភពលោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយកម្ពុជាកំពុងស្ថិតលើគន្លងផ្លូវ ដែលឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។
លោកស្រីបានជម្រាបជូន លោករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ គឺដើម្បីស្វែងយល់ពីគម្រោងវិនិយោគហិរញ្ញប្បទានដោយ WB ដែលកំពុងដំណើរការនៅកម្ពុជា និងពិភាក្សាស្ថិតក្នុងខ័ណ្ឌភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ឆ្នាំ២០១៩-២០២៣ ដែលក្រុមប្រឹក្សានាយកប្រតិបត្តិ WB បានអនុម័តរួចមកហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ដោយឡែកជំនួបជាមួយ លោករដ្ឋមន្រ្តីកសិកម្មនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែម អំពីការវិវឌ្ឍរីកចម្រើនរបស់វិស័យកសិកម្ម និងធ្វើការចែករំលែកបទពិសោធន៍ ទាក់ទងការអនុវត្តគម្រោង លទ្ធផល និងបញ្ហាប្រឈមនានា ដែលក្រសួងបានជួបប្រទះ ក្នុងអំឡុងពេលអនុវត្តគម្រោង និងសេចក្តីត្រូវការលើកំណែទម្រង់ ដែលតម្រូវឲ្យគម្រោងដែលស្ថិតនៅក្រោមជំនួយ ហិរញ្ញប្បទានរបស់ WB ធ្វើការកែតម្រូវបន្ថែម។
លោកស្រីក៏បានវាយតម្លៃលើសមិទ្ធផល របស់គម្រោងដែលអន្តរក្រសួងបានអនុវត្ត ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ លើដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានចែក ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ។ គម្រោងបានធ្វើឲ្យសហគមន៍ បានប្រើប្រាស់ដីក្នុងទិសដៅ បង្កើនផលិតភាពផលិតកម្មកសិកម្ម ជួយលើកស្ទួយកម្រិតជីវភាពកាន់តែល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ដោយទទួលបានសេវាសាធារណ និងអប់រំ ប្រកបដោយគុណភាព។
លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារពិភពលោក ដែលកន្លងមកបានជួយគាំទ្រ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម។
តាមរយៈលោកស្រីអនុប្រធាន WB លោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនបន្ថែមទៀតទាំង ក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវផងដែរថា ដោយបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធធ្វើឲ្យវិស័យកសិកម្ម មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតប្រែក្លាយទៅជាប្រទេសមួយ ផលិតស្បៀងលើសពីតម្រូវការ និងធ្វើការនាំចេញកសិផល ហើយសង្ឃឹមថាយើងនឹងបន្តអភិវឌ្ឍវិស័យមួយនេះ ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដើម្បីសម្រេចចក្ខុវិស័យនេះ លោករដ្ឋមន្រ្តីស្នើសុំឲ្យធនាគារ ជួយគិតគូរពិចារណាក្នុងការរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយថ្មីៗបន្ថែមទៀត ឲ្យស្របតាមតម្រូវការ ស្ថានភាព និងគោលដៅជាក់ស្តែងរបស់ក្រសួង ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជួយទ្រទ្រង់ដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវលំ ឃ្លាំងស្តុក ប្រព័ន្ធទ្រទ្រង់ដល់ការកែច្នៃកសិផល ការធ្វើទំនើបកម្មកសិកម្មសមស្រប ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ និងផ្សព្វផ្សាយ។ល។
លោកមានសុទិដ្ឋិនិយមថា កិច្ចការទាំងអស់នេះ អាចអនុវត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ លុះត្រាតែរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធផ្សេងៗទៀតចូលរួមយ៉ាងសកម្ម និងពេញលេញ ដោយឈរលើស្មារតីទទួលខុសត្រូវ និងតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។
លោកស្រី វិចតូរៀ ខ្វាខ្វា បានសម្តែងនូវការគាំទ្រ និងឯកភាពតាមអ្វីដែលរដ្ឋមន្រ្តីជម្រាបជូនខាងលើ ដោយហេតុផលថា ដើម្បីឲ្យវិស័យកសិកម្មរីកចម្រើនចាំបាច់ ត្រូវផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងផង និងផលិតដើម្បីធ្វើការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលការងារនេះ ទាមទារឲ្យមានការបណ្តុះបណ្តាលធនធានមនុស្ស ការងារស្រាវជ្រាវ ការអនុវត្ត ឬផ្ទេរបច្ចេកវិទ្យាសមស្រប ទាន់សម័យ ការរៀបចំ ឬធ្វើផែនការផលិតច្បាស់លាស់ ការធ្វើទំនើបកម្ម និងពិពិធកម្មកសិកម្ម ការធ្វើកសិពាណិជ្ជកម្ម ការធ្វើយន្តូបនីយកម្មកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ។
លោកស្រីបន្តថា កត្តាទាំងអស់នេះ បើយើងខិតខំរួមគ្នាដោះស្រាយជាជំហានៗ ក្នុងទិសដៅវិជ្ជមានសមស្របមួយ និងទាន់ពេលវេលា នោះ កសិផលកម្ពុជានាពេលអនាគតដ៏ខ្លីអាច ធ្វើការប្រកួតប្រជែង បង្កើននូវតម្លៃបន្ថែម ប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមមានតម្លៃ ប្រើប្រាស់ពលកម្មក្នុងស្រុក ធានាបាននូវគុណភាព អនាម័យ និងសុវត្ថិភាពស្របតាមស្តង់ដារទីផ្សារអន្តរជាតិ។ ភ្ជាប់ទៅហ្នឹងការប្រែប្រួលនេះ លោកស្រីបានស្នើឲ្យគ្រប់ភាពគីពាក់ព័ន្ធទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល និងវិស័យឯកជនចូលរួមដាក់ចេញនូវគោលនយោបាយ ទិសដៅ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនប្រកប ដោយចីរភាព និងនិរន្តរភាព។
ភាគីទាំងពីរបានសម្តែងនូវសុឆន្ទ:ពិតប្រាកដថា នឹងបន្តសហការគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត ស្របតាមកំណើរសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និងសេចក្តីត្រូវការកសិផល ដែលមានគុណភាពខ្ពស់ផ្គត់ផ្គង់លើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ៕