(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ និស្សិតជំនាញ ធនាគារនិងហិរញ្ញវត្ថុ និងគណនេយ្យ ចំនួន៣០នាក់ ក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចុះធ្វើទស្សនកិច្ចសិក្សានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ការិយាល័យកណ្តាល ដែលមានទីតាំងនៅ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោក ហេង ប៉េង ព្រឹទ្ធបុរសរង មហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានដឹកនាំប្រតិភូនិស្សិតចុះធ្វើទស្សនកិច្ចសិក្សានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានថ្លែងថា អនុលោមតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តាមរយៈការផ្សារភ្ជាប់ការសិក្សាទ្រឹស្តី នៅក្នុងថ្នាក់ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឱ្យនិស្សិតគ្រប់កម្រិត គ្រប់ជំនាញទាំងអស់ បានចុះឈ្វេងយល់អំពីការអនុវត្តការងារជាក់ស្តែង របស់គ្រឹះស្ថាននិងស្ថាប័ននានា ដើម្បីពង្រឹងសមត្ថភាពនិស្សិតឱ្យកាន់ តែមានគុណភាពបន្ថែមទៀត។
លោកព្រឹទ្ធបុរសរង បានបន្តថា ជារៀងរាល់ឆ្នាំ និងរាល់ឆមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែបានរៀបចំឱ្យមានដំណើរចុះធ្វើទស្សនកិច្ចសិក្សារបស់និស្សិតជាប្រចាំ ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹង ជំនាញ និងបំណិន សម្រាប់យកទៅបំពេញការងារ នៅតាមបណ្តាស្ថាប័នសាធារណៈ និងវិស័យឯកជននានា ប្រកបដោយប្រសិទ្ធភាព ទៅតាមមុខជំនាញរៀងៗខ្លួនរបស់និស្សិត។
លោក ហេង ប៉េង បានរៀបរាប់នូវគោលបំណង នៃដំណើរចុះធ្វើទស្សកិច្ចសិក្សារបស់និស្សិតថា៖
១៖ ស្វែងយល់ពីការអនុវត្តការងារជាក់ស្តែង របស់មន្រ្តីបម្រើសេវាអតិថិជន មន្រ្តីបេឡាករ មន្រ្តីឥណទាន និងមន្រ្តីដោះស្រាយបំណុលយឺតយ៉ាវ របស់គ្រឹះស្ថាន
២៖ ធ្វើឱ្យនិស្សិតកាន់តែយល់ដឹង អំពីកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគរបស់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងក្នុងស្រុក និងបរទេស
៣៖ ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដូចជា ការកំណត់ចក្ខុវិស័យ បេសកកម្ម គោលដៅ និងយុទ្ធសាស្រ្តរបស់គ្រឹះស្ថានជាដើម
៤៖ ស្វែងយល់ពីប្រភេទផលិតផល សេវាកម្មផ្សេងៗរបស់គ្រឹះស្ថានក្នុងការផ្តល់ជូនដល់សាធារណជន
៥៖ ស្វែងយល់ពីគោលបំណងនៃការអភិវឌ្ឍន៍ និងការពង្រឹងបន្ថែមសេវាកម្មហិរញ្ញវត្ថុផ្សេងៗរបស់គ្រឹះស្ថាន
កម្មវិធីនៃទស្សកិច្ចសិក្សារបស់និស្សិតនេះ លោកអគ្គនាយកប្រតិបត្តិ ឈុន សុភ័ក្រ្ត ជាតំណាងគ្រឹះស្ថាន និងក្រុមការងាររបស់ស្ថានប័ន បានស្វាគមន៍ និងធ្វើបទបង្ហាញ ព្រមទាំងដឹកនាំសាស្រ្តាចារ្យ បុគ្គលិក និងក្រុមនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅទស្សនាការអនុវត្តការងារជាក់ស្តែង នៅតាមផ្នែកនីមួយៗព្រមទាំងពន្យល់នូវចំណុចសំខាន់ៗជាច្រើន ក្នុងការអនុវត្តការងារនេះ ដែលធ្វើឱ្យនិស្សិតកាន់តែយល់ច្បាស់អំពីការអនុវត្តការងារ របស់មន្រ្តីបម្រើសេវាអតិថិជន មន្រ្តីបេឡាករ មន្រ្តីឥណទាន និងមន្រ្តីដោះស្រាយបំណុលយឺតយ៉ាវ របស់គ្រឹះស្ថាន ។
សូមបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជននៅទូទាំងប្រទេសផងដែរ៕