(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន១៣រូប អញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់ ប្រទេសប្រ៊ុយណេដារូសាឡាម។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនឹងអញ្ជើញចូលគាល់ ព្រះចៅស៊ុលតង់ Hassanal Bolkiah Mu'izzaddin Waddaulah ព្រះមហាក្សត្រនៃ ប្រទេសប្រ៊ុយណេដារូសាឡាម និងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងចំនួន៦។
ក្រសួងទាំង៦រួមមាន៖ ទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងហិរញ្ញវត្ថុ, ក្រសួងអប់រំ, ក្រសួងថាមពល កម្លាំងពលកម្ម និងឧស្សាហកម្ម ក្រសួងកិច្ចការសាសនា និងក្រសួងធនធានធម្មជាតិ និងទេសចរណ៍ ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំស្ថាប័ន និងវិនិយោគិនមួយចំនួនទៀត។
ការចេញដំណើរធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយដំណើរទស្សនកិច្ចនេះ នឹងបន្តរហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ពី ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនងពង្រីកការវិនិយោគវិស័យ ឧស្សាហកម្មហាឡាល និងធ្វើការសិក្សាបន្ថែមលើការរៀបចំ បច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើង នូវនីតិវិធីគ្រប់គ្រងដំណើរធម្មយាត្រាហាជ្ជី វិស័យហ្សាកាត់ (ការប្រមូលបរិច្ចាគទ្រព្យ) វិស័យវ៉ាកាហ្វ (ការថែរក្សាទាយជ្ជទាន) និងស្តង់ដារហាឡាល។
លោកបានបន្តថា គណៈប្រតិភូកម្ពុជាក៏នឹងធ្វើការទំនាក់ទំនង ស្នើទៅរដ្ឋមន្ត្រីអប់រំប៊្រុយណេ អោយផ្តល់អាហាររូបករណ៍ លើជំនាញវិទ្យាសាស្រ្តឯកទេសសំខាន់ៗ ដោយឡែក ក្នុងជំនួប ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើគម្រោងបង្កើតស្ថាប័ន ម៉ៃក្រូហិរញ្ញវត្ថុបែបឥស្លាម ដែលមានលក្ខណ្ឌលើកលែងលើករណីការប្រាក់៕