(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលា ស្តីពីការត្រួតពិនិត្យការអនុវត្តថវិកា កម្មវិធីការប្រឈម និងទិសដៅអនាគត ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ពិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី ខេត្ត សរុបចំនួនជាង១០០នាក់។
សិក្ខាសាលានេះ មានគោលបំណងត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធីកន្លងមក ដោយលើកឡើងពីការប្រឈមនានា និងផ្លាស់ប្តូរយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ហើយដាក់ចេញនូវវិធានការណ៍ និងទិសដៅថ្មីៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំខាងមុខ ដើម្បីសម្រេចបានលទ្ធផល ដូចដែលក្រសួងបាន ដាក់ចេញ និងដើម្បីអនុវត្តភារកិច្ច ផែនការ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលបានប្រគល់។ សិក្ខាសាលានេះ បានទទួលការឧបត្ថម្ភថវិកា ពីគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានលើកឡើងពី ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៥ និងបន្តរហូតដល់ឆ្នាំ២០២៥។ កម្មវិធីកែទម្រង់ ត្រូវបានចែកចេញ ជា៤ដំណាក់កាល ទី១៖ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដោយផ្តោតលើ ភាពជឿទុកចិត្តបាននៃថវិកា, ទី២៖ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ដោយផ្តោតលើគណនេយ្យភាពហិរញ្ញវត្ថុ, ទី៣៖ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដោយផ្តោតលើថវិកា ផ្សារភ្ជាប់ជាមួយគោលនយោបាយ និងទី៤៖ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដោយផ្តោតលើប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល និងសមិទ្ធកម្ម។
ដោយការអនុវត្តកម្មវិធីកែទម្រង់ ជាពិសេសការកែទម្រង់ថវិកាអង្គភាព ថវិកាទាំងអស់ ថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យបានល្អ ព្រោះការងារនេះមានភាពស្មុគស្មាញ និងទាមទារការបណ្តុះបណ្តាល និងជំនាញដើម្បីអនុវត្តឲ្យបានតាមការណែនាំ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
លោកស្រីបន្ដថា ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដូចបានលើកឡើងខាងលើនេះ ទាមទារឱ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងគោរពច្បាប់ និងក្រមសីលធម៌មន្ត្រីរាជការ និងខិតខំបំពេញការងារ ទៅតាមការចាត់តាំង និងតួនាទីរបស់ខ្លួនគ្រប់ៗគ្នា។ ជាមួយនេះ មន្ត្រីរាជការក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អ តាមអភិក្រមទាំងប្រាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៖ «ឆ្លុះ កញ្ចក់ ងូតទឹក ដុស ក្អែល ព្យាបាល និងវះកាត់» ដែលយើងត្រូវចងចាំ កុំឲ្យភ្លេចខ្លួន។
សិក្ខាសាលានេះ បានធ្វើឡើងរយៈពេលពេញមួយថ្ងៃ និងបានទទួលនូវអនុសាសន៍ថ្មីៗ ជាច្រើន ពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីប្រសិទ្ធិភាពការងារ ក្នុងក្របខណ្ឌជាតិ និងថ្នាក់មូលដ្ឋាន។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានផ្តាំឲ្យប្រធានមន្ទីរគ្រប់ខេត្ត រាជធានី និងថ្នាក់ដឹកនាំក្រោមឱវាទក្រសួង ដែលមានភារកិច្ច ជាសមាជិកក្រុមការងារថ្នាក់ជាតិ ត្រូវចូលរួមឲ្យបានសកម្មក្នុងការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទន្លេ និងទឹកភ្លៀង ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់បន្ថែមឲ្យក្រុមការងារទាំងអស់ ត្រូវពិនិត្យតាមទីអារាមដែលខ្វះការចូលរួមពីប្រជាពុទ្ធិបរិស័ទ ដែលមិនបានទៅដល់ទីអារាម ក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌនេះ ដោយត្រូវរាយការណ៍ ឲ្យអាជ្ញាធរបានដឹង និងចាត់តាំងក្រុមការងារចូលរួមឲ្យបានគ្រប់វត្តកុំបីខាន៕