(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បង្កើតឡើងក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃនេះមានរយៈកាល៨ឆ្នាំមកហើយ ក្នុងនោះបានព្យាបាល ជូនប្រជាពលរដ្ឋដែលជាអ្នកជំងឺ ដោយឥតគិតថ្លៃ នៅតាមបណ្តារាជធានី និងខេត្ត បានចំនួន៤៧៤,៤៩៨នាក់មកហើយ បើគិតសមាសភាពក្រុមការងារមកទល់នឹងពេលសព្វថ្ងៃនេះ សរុបមានចំនួន៤,២៧៥នាក់ ដែលនេះគឺជាការកកើតដោយទឹកចិត្តផ្តួចផ្តើមដោយផ្ទាល់ ពីសំណាក់តំណាងរាស្រ្ត លោក ហ៊ុន ម៉ានី និងជាប្រធានគណៈកម្មការទី៧រដ្ឋសភា។
ការងារមនុស្សធម៌នេះ ត្រូវបានប្រជាពលរដ្ឋនៅតាមបណ្តារាជធានី និងខេត្ត មានការពេញចិត្តយ៉ាងខ្លាំង ដោយឃើញវត្តមានក្រុមការងារគ្រូពេទ្យ បានចុះទៅដល់របងផ្ទះរបស់ពួកគាត់។ ជាងនេះទៅទៀតនោះ ប្រជាពលរដ្ឋដែលធ្លាប់ព្យបាលជាច្រើននាក់ តែងតែសំណូមពរដល់លោក ហ៊ុន ម៉ានី ឧស្សាហ៍បញ្ជូនក្រុមគ្រូពេទ្យជំនាញៗ មកព្យាបាលជូនដល់ពួកគាត់ តាមដែលអាចធ្វើទៅបានផងដែរ។
ជាក់ស្តែងនាថ្ងៃទីនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៨៨នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៤,៨៨៩នាក់ នៅវត្តភ្នំស ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមអធិបតី លោក សុះ មុះសិន តំណាងរាស្ត្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី និងមានការសហការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត រួមនឹងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។
លោក លេង ផាលី លើកឡើងថា ចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ឈានចូលឆ្នាំទី៨ ចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន១៩៨លើកហើយ ដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៤៧៤,៤៩៨នាក់ (សែសិបប្រាំពីរម៉ឺនបួនពាន់បួនរយកៅសិបប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន៣២១,០៨៩នាក់ (សាមសិបពីរម៉ឺនមួយពាន់សូន្យរយប៉ែតសិបប្រាំបួននាក់) ក្នុង១៩រាជធានី និងខេត្ត។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)...។ល។
អ្នកស្រី ដុក ឡេង ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិត្រាំត្រសល់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុស្រុករបស់គាត់។
អ្នកស្រី ថុង កញ្ញា ជាប្រជាពលរដ្ឋម្នាក់រស់នៅស្រុកទឹកឈូ ខេត្តកំពត ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាល រួមនឹងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុស្រុករបស់គាត់។
អ្នកស្រីបានលើកឡើងថា «សកម្មថ្ងៃនេះឃើញប្រជាពលរដ្ឋ បានមកពិនិត្យសុខភាព នៅវត្តភ្នំស ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានច្រើនកុះករ ខ្ញុំពិតជាសប្បាយរីករាយបានឃើញថ្នាំពេទ្យគ្រប់មុខ គ្រប់បែបយ៉ាងទាំងអស់ ហើយការព្យាបាលនេះ បានជួយដល់ប្រជាពលរដ្ឋច្រើនណាស់»។
លោក ជុំ ស៊ីថា ជាប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកទឹកឈូ ខេត្តកំពត បានថ្លែងថា «ខ្ញុំសូមសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់ ដោយម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ រួមនឹងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយអាចឆាប់រកមុខជំងឺរបស់ខ្ញុំបានលឿនទៀតផង។ ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យទាំងអស់ឧស្សាហ៍ចុះមកបន្តិច ព្រោះការដែលគាត់ចុះមកនេះ គឺចំណេញខ្លាំងណាស់ដល់ពលរដ្ឋ និងខ្ញុំ ដោយមិនអស់លុយ និងចំណេញពេលវេលាថែមទៀត»។
បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១៣៧នាក់, ជំងឺស្រ្តី៩៧នាក់, ជំងឺផ្លូវចិត្ត១០៩នាក់, ជំងឺឫសដូងបាត១២៧នាក់, ជំងឺសន្លាក់ឆ្អឹង១០២នាក់, ជំងឺរលាកសួត៩៩នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៨៧នាក់, ជំងឺភ្នែក១០៨នាក់, ជំងឺសើរស្បែក១២៦នាក់, ជំងឺទឹកនោមផ្អែ២០៣នាក់, ជំងឺមាត់ធ្មេញ៩៦នាក់, អេកូសាស្ត្រ១០៣នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៧៦នាក់, វាស់ចង្វាក់បេះដូង៨១នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់៧២នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍២០១៤នាក់, ព្យាបាលរបួសនិងវះកាត់តូច៧៣នាក់ និងជំងឺទូទៅ២,០៩៧នាក់៕