(ភ្នំពេញ)៖ មនុស្ស៦នាក់ ជាអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ កាលពីចុងសប្តាហ៍មុននេះ ហើយក្នុងចំណោមនោះ មាន៣នាក់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នផងដែរ។
ឧត្តមសេនីយ៍ឯក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា មនុស្ស៦នាក់ ដែលត្រូវបានចាប់ខ្លួននេះ មាន ២នាក់ ត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ ម្នាក់នៅខេត្តបន្ទាយមានជ័យ និង ៣នាក់នៅខេត្តកណ្តាល។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ពួកគាត់ទទួលយកផែនការមកញុះញង់ ប្រឆាំងរដ្ឋាភិបាល»។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឆាំងបានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសកម្មជនរបស់ខ្លួនចំនួន៦នាក់ដែលក្នុងនោះរួមមាន ១៖ លោក យ៉ាត ភារម្យ ២៖ លោក ទុំ ប៊ុនថន ៣៖កញ្ញា យូ ចាន់ធានី ៤៖ លោក លី ម៉េងឃាង ៥៖ លោក លី លីន និង ៦៖ លោក ឈុន ថៃយុទ្ធ ក្នុងរយៈពេល២ថ្ងៃ កាលពី ចុង សប្តាហ៍កន្លងទៅនេះ។
កាលពីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានចេញដីការបង្គាប់ឲ្យឃុំខ្លួន អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ០៣នាក់ ក្នុងចំណោមជនសង្ស័យ០៦នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
មន្ត្រីសាលាដំបូងដដែលបានឲ្យដឹងទៀតថា ជនត្រូវចោទដែលត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ទី១៖ ឈ្មោះកញ្ញា យូ ចាន់ធានី ទី២៖ ឈ្មោះ ទុំ ប៊ុនថន និងទី៣៖ ឈ្មោះ យ៉ាត ភារម្យ ចំណែកជនត្រូវចោទចំនួន៣នាក់ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនីតិវិធីស៊ើបសួររបស់សមត្ថកិច្ចនៅឡើយ៕