(ភ្នំពេញ)៖ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន ខូបភើរេសិន (CMIC) និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល និងចែកសញ្ញាបត្រដល់មេជាង និងអ្នកម៉ៅការសំណង់ចំនួន ៣០នាក់ថ្មីទៀត ដែលបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសពិតក្នុងវិស័យសំណង រយៈពេល៣ខែ។
ការបណ្តុះបណ្តាលនេះ បានចាប់ផ្តើមនៅថ្ងៃទី៤ ខែឧសភា រហូតដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០១៩ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ការបណ្តុះបណ្តាលមេជាងសំណង់ និងអ្នកម៉ៅការសំណង់នេះ មានគោលបំណងឲ្យពួកគាត់ ទទួលបាននូវជំនាញពិត និងកាន់តែប្រសើរជាងមុន ចេះរៀបផែនការមុនការងារត្រូវចាប់ផ្តើម ការរៀនពីសុវត្ថិភាពក្នុងកិច្ចការសំណង់ និងមេរៀនសំខាន់ៗច្រើនទៀត។ វគ្គបណ្តុះបណ្តាលរយៈពេល៣ខែនេះ បានគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗដូចជា ការងាររៀបឥដ្ឋការងារបូកស៉ីម៉ងត៍ ការងារសុវត្ថិភាព ការងារចាក់បេតុង ការងារតម្លើងគ្រោងដែក ការងារចាក់ពុម្ព ការងាររៀបចំការដ្ឋាន និងការងាររៀបចំផែនការ ព្រមទាំងការអនុវត្តន៍ផ្ទាល់ នៅតាមការដ្ឋានថែមទៀតផង។
តាមរយៈការសហការនេះ ក្រុមហ៊ុនជីប ម៉ុង អ៉ិនស៉ី ស៉ីមេន ទទួលបានការចុះឈ្មោះមេជាង និងអ្នកម៉ៅការចំនួន៩០នាក់ រួចមកហើយរួមទាំងលើកទី៣នេះ ដោយក្នុងវគ្គនីមួយៗ មានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកទទួលការបណ្តុះបណ្តាល ពីគ្រូបង្វឹកដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ សិក្ខាកាមទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាពីវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា និងក្រុមហ៊ុនជីប ម៉ុង អ៉ិនស៉ី ស៉ីមេន។
លើសពីនេះ សិក្ខាកាមក៏ទទួលបានកម្រៃឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ចំនួន១៥ដុល្លារ ជារៀងរាល់ថ្ងៃសៅរិ៍ សម្រាប់ថ្លៃអាហារ ក្នុងកំឡុងពេលសិក្សា។ ការបណ្តុះបណ្តាលប្រព្រឹត្តិទៅ រៀងរាល់ថ្ងៃសៅរិ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលមានទីតាំងនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានចាត់ទុកការបណ្តុះបណ្តាលនេះ មានសារៈសំខាន់រួមចំណែក ដល់ការអភិវឌ្ឍវិស័យសំណង់ នៅកម្ពុជាឲ្យមានគុណភាព ពង្រឹងសុវត្ថិភាពក្នុងការរដ្ឋាន និងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមាននៅគ្រប់ទីកន្លែង។
លោក ប៊ុន ភារិន បញ្ជាក់ថា៖ «យើងឃើញវិស័យសំណងរីកដុះដាល់ច្រើននៅក្របខ័ណ្ឌទូទាំងប្រទេស ប៉ុន្តែធនធានមនុស្សរបស់កម្ពុជាក្នុងវិស័យនេះ មិនទាន់ឆ្លើយតបនឹងតម្រូវការរីកចម្រើននេះទេ។ ដូចនេះយើងត្រូវរួមគ្នាកសាងធនធានមនុស្សឲ្យបានច្រើន និងប្រកបដោយគុណភាព»។
លោក ទៀង សុភៈវិជ្ជា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋាភិបាល នៃក្រុមហ៊ុនជីប ម៉ុង អ៉ិនស៉ី ស៉ីមេន បានលើកឡើងនាពេលនោះថា ក្រុមហ៊ុនជីប ម៉ុង អ៉ិនស៉ី ពិតជាមានកិត្តិយសក្នុងការរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ ព្រោះថា ការអភិវឌ្ឍពិតប្រាកដមិនមែនត្រូវការទាំងជំនាញរឹង និងជំនាញទន់។
លោកថ្លែងថា ជំនាញរឹងក្នុងវិស័យសំណង់ គឺជាសមត្ថភាពធ្វើការងារកើត ប៉ុន្តែជំនាញទន់វិញ គឺផ្តោតសំខាន់លើវិធីដោះស្រាយជាមួយម្ចាស់គម្រោង ម្ចាស់ផ្ទះ ឬម្ចាស់សំណង់ ដើម្បីឲ្យភាគីទាំងពីរសប្បាយចិត្ត។ ការបណ្តុះបណ្តាលនេះ គឺផ្តោតលើជំនាញទាំងពីរនេះជាចំបង។ លោកបញ្ជាក់ថា នៅឆ្នាំបន្ទាប់ ការបណ្តុះបណ្តាលនឹងធ្វើឡើងជាទ្រង់ទ្រាយធំ ព្រមទាំងឈានទៅដល់ថ្នាក់ខេត្ត។
ប្រឡូកការងារសំណង់ប្រមាណ១៧ឆ្នាំ តាំងពីឆ្នាំ២០០២មក លោក កង វិរៈដេត មេការសំណង់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាសិក្ខាកាមជំនាន់ទី៣នេះ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មានសារៈប្រយោជន៍ចំពោះរបរជាជាងសំណង់របស់លោក ព្រោះលោកមិនដែលបានចូលរៀន វគ្គបណ្តុះបណ្តាលផ្លូវការណាមួយឡើយ ក្នុងពេលកន្លងមក ហើយអ្វីដែលលោកអនុវត្តរាល់ថ្ងៃ តាមរយៈការចេះពីមិត្តភក្តិ និងបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោកអះអាងថា៖ «ខ្ញុំធ្លាប់ទទួលការងារគេ ធ្វើការងារខូចរបស់គេ និងត្រូវសងគេ ហើយខ្ញុំតាំងចិត្តរៀនពីមេជាងផ្សេងៗខ្លះដើម្បីកុំឲ្យកុំជាន់ដានជាថ្មី។ ខ្ញុំយល់ថា វគ្គបណ្តុះបណ្តាលនេះពិតជាល្អ ហើយវាក៏គួរបន្តផ្តល់ឱកាសដល់អ្នកផ្សេងៗទៀតដែរ។ អ្វីដែលពិសេសសម្រាប់ខ្ញុំមិនធ្លាប់យល់ដឹងគឺ ការបង្ហាញពីសុវត្ថិភាពការងារ»។
ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៉ី ស៉ីមេន ខូបភើរេសិន (CMIC) នឹងបន្តសហការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) សម្រាប់ការបណ្តុះបណ្តាលនេះនៅក្នុងពេលអនាគត។ បេក្ខជនដែលមានចំណាប់អារម្មណ៏ ត្រូវជាមេជាងសំណង់ ឬអ្នកម៉ៅការសំណង់ និងជាសមាជិកក្លឹបស៉ីម៉ងត៍អូដ្ឋ ដែលមាននៅគ្រប់ខេត្តក្រុងទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ព័ត៌មានទាក់ទងនឹងកម្មវិធីវគ្គបណ្តុះបណ្តាលនេះ លោកអ្នកអាចធ្វើការទាក់ទងតាមរយៈទូរសព្ទ័លេខ 069 666450 /095 888464 ឬលេខ ០89 335305៕