(ពោធិ៍សាត់)៖ ក្រុមហ៊ុន ជីប ម៉ុង បានដឹកនាំបុគ្គលិកសរុប៦០នាក់ ចូលរួមដាំដើមក្រញូងចំនួន៣,០០០ដើម ដោយជោគជ័យ កាលពីចុងសប្តាហ៍នេះ នៅសហគមន៍ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង តំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជីប ម៉ុង គឺជាក្រុមហ៊ុនដំបូងគេ ដែលបានដាំដើមក្រញូងនៅសហគមន៍នេះ ក្នុងចំនួនដ៏ច្រើនរហូតដល់ទៅ៣០០០ដើម។ តំណាងសហគមន៍ និងអាជ្ញាធរបានសម្តែងការអបអរសាទរ និងបានចូលរួមដាំដើមឈើទាំងអស់គ្នាផងដែរ។
លោក តាំង ប៉ូហេង តំណាងបុគ្គលិក ជីប ម៉ុង ដែលបានចូលរួមក្នុងកម្មវិធិដាំដើមឈើនេះ បានបញ្ជាក់ថា កម្មវិធីនេះ មិនត្រឹមតែបានជួយគាំទ្រដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍ តាមរយៈការស្នាក់នៅ និងការហូបចុកចាយវាយនៅសហគមន៍ផ្ទាល់។
ក្រៅពីសកម្មភាពដាំដើមុំក្រញូងចំនួន៣,០០០ដើម បុគ្គលិក ជីប ម៉ុង បានឆ្លៀតរៀបចំកម្មវិធីចែកទឹកផ្លែឈើ ជូប នំស្រួយហាណាមិ សម្ភារសិក្សាដល់សិស្សសាលា ធឹម ង៉ុក ភ្នំយ៉ោក ចំនួន៧៥នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូចំនួន៣នាក់ផងដែរ។
ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកម្មវិធីដាំដើមឈើបានចំនួន៣លើក ដាំដើមឈើប្រណិតសរុបបាន៩០០០ដើម និងបានចែកទឹកផ្លែឈើ ជូប នំ និងសម្ភារៈសិក្សាដល់សិស្សសរុបជិត៦០០នាក់ ក្នុងសាលាចំនួន៣ នៅក្នុងសហគមន៍។ ក្រុមហ៊ុន ជីប ម៉ុង មានកម្មវិធីដាំដើមឈើចំនួន៤ដង ឬឲ្យបានលើសពី១ម៉ឺនដើម ក្នុងមួយឆ្នាំៗនៅទូទាំងប្រទេស៕