(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងកោតសរសើរកងទ័ព របស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក ក្នុងទិសយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានខិតខំយកចិត្តទុកដាក់ ចូលរួមចំណែកពង្រឹងវិស័យការពារជាតិ ក៏ដូចជាការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ ទប់ស្កាត់មិនឱ្យជនក្បត់ណាមួយ បំពានដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ ក្នុងទិសយោធភូមិភាគទី៣ និងបញ្ជាការដ្ឋានការពារកោះឆ្នេរ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងសរសើរដល់ថ្នាក់ដឹកនាំ នៃអង្គភាពទាំងពីរដែលបានខិតខំយកចិត្តទុកដាក់ ចូលរួមចំណែកពង្រឹងវិស័យការពារជាតិ ក៏ដូចជាការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ ទប់ស្កាត់មិនឱ្យជនក្បត់ណាមួយ បំពានដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការងារកសាងអង្គភាពផងដែរ។
លោកអគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាពទាំងពីរ លើការងារគ្រប់គ្រងកម្លាំង និងការងារថែទាំមធ្យោបាយ សម្ភារ និងគ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ និងយកចិត្តទុកដាក់ត្រៀមអន្តរាគមន៍ ជួយសង្គ្រោះគ្រោះមហន្តរាយ ដោយសារជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដល់ជីវិត ក៏ដូចជាមធ្យោបាយ និងសម្ភាររបស់ប្រជាពលរដ្ឋ៕