(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យពងទឹក ឃុំពងទឹក ស្រុករំដួល ដែលមានការចូលរួមពីអាជ្ញាធរឃុំ មាតាបិតាសិស្សជាច្រើននាក់ផងដែរ។
លោក ចាន់ កុលបុត្រ បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចជាកាលតែងតែនឹករលឹក ដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ជាពិសេសលោកស្រី បានចូលរួមអបអរសាទរចំពោះសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងខេត្តស្វាយរៀងផងដែរ។
លោក ចាន់ កុលបុត្រ បានសំដែងក្តីសប្បាយរីករាយ ដែលសាលាវិទ្យាល័យពងទឹក មានភព្វ័វាសនា ដោយមានសិស្សបានប្រឡងជាប់និទ្ទេស A ម្នាក់ដែរ ធ្វើឲ្យថ្នាក់ដឹកនាំឃុំលោកនាយកាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានសំដែងនូវក្តីមោទនភាពក្រៃលែង។
លោកបានថ្លែងបញ្ជាក់ប្រាប់ លោកគ្រូអ្នកសិស្សានុសិស្សថា ក្នុងនាមលោកជាប្រធានក្រុមការងារ និងរដ្ឋបាលឃុំពងទឹក សូមធ្វើការថ្កោលទោសចំពោះទណ្ឌិត សម រង្សី និងបក្សពួកដែលបានធ្វើបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ប្រមាថព្រះមហាក្សត្រ ផ្ទុយនិងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៧ វាក្យខណ្ឌណ «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។
លោកថា ទង្វើដោយចេតនារបស់បុគ្គលទណ្ឌិតសមរង្សី គោលបំណងបំផ្លាញសុខសន្តិភាព ការអភិវឌ្ឍ រំលោភបំពានប្រមាថព្រះមហាក្សត្រ ដែលជាទីគោរព ស្រលាញ់ស្មើជីវិត នៃប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។ ដូច្នេះ ថ្នាក់ដឹកនាំនៃក្រុមការងារ និងអាជ្ញាធរឃុំពងទឹក សូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទណ្ឌិត សម រង្ស៊ី និងសូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន និងផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះទង្វើរំលោភបំពានមកលើ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានក្រុមការងារ បានបន្តថា វិស័យអប់រំចាប់តាំងពីឆ្នាំ២០១៣-២០១៤ ក្រោមការធ្វើការកំណែទម្រង់លើប្រព័ន្ធសិក្សា ប្រពន្ធ័កំណែដ៏តឹងរ៉ឹង ប្រពន្ធ័ប្រលង «អ្នកចេះគឺជាប់» គឺបានធ្វើឲ្យកម្ពុជា ចំរាញ់បានធនធានមនុស្ស ជាបញ្ញាវន្ត័ ប្រកបដោយគុណភាព ជាពិសេសថ្នាក់បញ្ចប់ទុតិយភូមិថ្នាក់ទី១២ សស្សានុសិស្ស និងបានបន្តចូលថ្នាក់ឧត្តមសិក្សា ប្រកបដោយគុណភាព និងជ្រើសរើសជំនាញ ដែលខ្លួនពេញចិត្ត ហើយនាថ្ងៃអនាគត និងបានបម្រើការងារតាមបណ្តា ស្ថាប័នក្រសួង មន្ទីរ អង្គភាព ក្រុមហ៊ុននិងវិស័យឯកជនដទៃទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមោទនភាពចំពោះលោកឪពុក អ្នកម្តាយនិងបានជួយសម្រាលបន្ទុក ក្រុមគ្រួសារបានមួយផ្នែកធំ។
លោកបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺមានភាពសុក្រិត្យ និងយុត្តិធម៌ដោយពេលប្រឡងមានអ្នកសង្កេតការណ៍ អ្នកឃ្លាំមើលពីអង្គការសមាគម ពិសេសមានអនុរក្ស មើលច្បាស់លាស់ណាស់ ដូច្នេះគ្មានអ្នកណាអាចជួយបានទេ។ ហើយក៏សូមអបអរសារទរដល់ប្អូនៗ ដែលប្រឡងជាប់ទទួលបាននិទ្ទេស B.C.D.E ផងដែរ ទោះបីជាយ៉ាងណា គឺយើងបានប្រឡងជាប់ដោយសមត្ថភាពរបស់យើង និងក៏ចូលរួមសោកស្តាយចំពោះប្អូនៗ ដែលបានប្រឡងធ្លាក់និងត្រូវខិតខំរៀនបន្តទៀត។
ជាមួយគ្នានេះ លោក ចាន់ កុលបុត្រ បានផ្តាំផ្ញើឲ្យប្អូនៗ ត្រូវខិតខំបន្ថែមទៀត ក្នុងការទៅសិក្សា នៅតាមមហាវិទ្យាលយ័នានា ដើម្បីយកចំណេះដឹងមកបម្រើសង្គមជាតិ ពិសេសខេត្តស្វាយរៀងតែម្តង និងសូមកុំភ្លេចស្រុកកំណើត កុំភ្លេចលោកគ្រូ អ្នកគ្រូនិងមកចូលរួមអភិវឌ្ឍភូមិឃុំ ឲ្យរីកចម្រើនបន្ថែមទៀត ជាពិសេសត្រូវយកគំរូពីថ្នាក់នាំឆ្នើមៗ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ។
សូមបញ្ជាក់ថា នៅវិទ្យាល័យពងទឹក ឃុំពងទឹកនេះ សិស្សប្រឡងជាប់និទ្ទេស A មានម្នាក់ឈ្មោះ វន់ ពិសី ភេទស្រី និងនិទ្ទេស B.C.D.E ចំនួន៧១នាក់ សរុបជាប់៧២នាក់ នៅវិទ្យាល័យនេះ។
លោក ចាន់ កុលបុត្រ បានផ្តល់ជូននូវលិខិតសរសើរមួយ និងថវិកា៤០ម៉ឺន ដល់សិស្សជាប់និទ្ទេស A និងលោកគ្រូ-អ្នកគ្រូម្នាក់ៗ ទទួលបាន២ម៉ឺនរៀល និងសិស្សានុសិស្សចូលរួមទទួលបានអាវយឺតមួយ។ ចំណែកលោក ជៀង អំ ប្រធានប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុករំដួល ក៏បានឧបត្ថម្ភថវិកាដល់សិស្សជាប់និទ្ទេស A.B.C នូវថវិកាមួយចំនួនផងដែរ៕