(កំពង់ចាម)៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជប្រទានជូនប្រជារាស្រ្តរងគ្រោះ ដោយទឹកជំនន់ប្រមាណ ៤០០គ្រួសារ នៅភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរ ខេត្តកំពង់ចាមផងដែរ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំ សាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត របស់ព្រះករុណា និងសម្ដេចព្រះមហាក្សត្រី ជូនចំពោះបងប្អូនកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
តាមរបាយការណ៍របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅក្នុងភូមិកំពុងសំណាញ់ ឃុំមៀន ស្រុកព្រៃឈរនេះ មានប្រជាពលរដ្ឋប្រមាណជា ១៤៧គ្រួសារ លើប្រជាពលរដ្ឋសរុបចំនួន៣៤៧គ្រួសារ បាននឹងកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាព។ ទន្ទឹមនឹងនោះ ដើម្បីសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋយើង អាជ្ញាធរ និងស្ថាប័នជំនាញ បានរៀបចំនូវប្រពន្ធភ្លើង ទឹកស្អាត និងស្នាក់ការប៉ុស្តិ៍សុខភាព សម្រាប់ជួយសង្គ្រោះបឋម ដល់ប្រជាពលរដ្ឋផងដែរ ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះ ដោយគ្រោះធម្មជាតិទឹកជំនន់បណ្តាលឲ្យលិចលំ នៅឋានរបស់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម, ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស, ត្រីខ១០កំប៉ុង, កៅស៊ូតង់ចំនួន១ផ្ទាំង, អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន២០ម៉ឺនរៀល ៕
\