(ភ្នំពេញ)៖ បុគ្គលិកលើសពី ៣០នាក់ មកពីក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេនៅអាស៊ាន បានធ្វើដំណើរជុំវិញប្រទេសកម្ពុជា ដើម្បីជួបសួរសុខទុក្ខសិស្សលើសពី ៥០០នាក់ ដើម្បីចែករំលែកនូវឱកាសសិក្សាពីកម្មវិធី «អាហារូបករណ៍ចែករំលែកក្តីសុបិន»លើកទី៦។
លោក ម ផុរា ដែលជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន អេសស៊ីជី បានថ្លែងថា «អេសស៊ីជី តែងតែជឿជាក់ថា ការអប់រំជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។ មិនត្រឹមតែក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលិកនៃក្រុមហ៊ុន អេសស៊ីជី ទាំងអស់សុទ្ធតែមានទស្សនវិស័យដូចគ្នា។ វាបានជំរុញទឹកចិត្តឱ្យយើងទាំងអស់គ្នា ស្ម័គ្រចិត្តធ្វើការជាក្រុម ដើម្បីចុះសួរសុខទុក្ខសិស្សដល់ផ្ទះជាង ៥០០នាក់ រៀងរាល់ឆ្នាំ»។
លោក ម ផុរា បានបន្ថែមទៀតថា «យើងបានធ្វើដំណើរជុំវិញប្រទេសកម្ពុជាដើម្បីស្វែងរកសិស្សដែលជួបទុក្ខលំបាក និងត្រូវការជំនួយអាហារូបករណ៍បំផុត ដើម្បីបន្តការសិក្សាឱ្យកាត់តែប្រសើរ។ ការសិក្សាកាន់តែប្រសើរមានន័យថាមានឱកាសកាន់តែច្រើនសម្រាប់ពួកគាត់ដើម្បីបម្រើដល់ប្រទេសជាតិ»។
កញ្ញា លក្ខិណា ជាបុគ្គលិកនៃក្រុមហ៊ុន អេសស៊ីជី ដែលបានចូលរួមនូវការងារស្ម័គ្រចិត្តនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ បានថ្លែងថា «នៅក្រុមហ៊ុន អេសស៊ីជី យើងមានវិធីសាស្ត្រផ្សេងគ្នាក្នុងការជ្រើសរើសសិស្សអាហារូបករណ៍។ យើងមិនផ្តោតតែទៅលើសិស្ស ដែលមានការសិក្សាល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានអត្តចរិត អាកប្បកិរិយាល្អ និងមានឆន្ទៈក្នុងការជួយដល់សង្គមផងដែរ»។
កញ្ញាបានបន្ថែមទៀតថា «ការជួបសួរសុខទុក្ខដល់ផ្ទះ និងបានឃើញផ្ទាល់ពីស្ថានភាពរស់នៅរបស់ពួកគាត់ធ្វើឱ្យយើងយល់ច្បាស់ពីស្ថានភាពរស់នៅជាក់ស្តែងរបស់ពួកគាត់ ដែលគាត់ពិតជាត្រូវការជំនួយដើម្បីមានឱកាសក្នុងការសិក្សាឱ្យបានល្អប្រសើរពិតប្រាកដមែន»។
អេសស៊ីជី បានបង្កើតកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិននេះអស់រយៈពេល៥ឆ្នាំរួចមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ អេសស៊ីជី មានគម្រោងនៅតែបន្តនូវកម្មវិធីអាហារូបករណ៍នេះ នៅកម្ពុជាក្នុងរយៈពេលដ៏យូរអង្វែងតទៅមុខទៀត ដូច្នេះ សិស្សានុសិស្សកម្ពុជា អាចសម្រេចនូវក្តីសុបិន សម្រាប់អនាគតដ៏ប្រសើររបស់ពួកគាត់»។
នៅក្នុងឆ្នាំ ២០១៩ នេះជាឆ្នាំទី ៦ សម្រាប់កម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ហើយក្រុមហ៊ុន អេសស៊ីជី ដែលមានការសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តផ្តល់នូវអាហារូបករណ៍ចំនួន២៥០នាក់ សម្រាប់សិស្សវិទ្យាល័យ និងអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន២០នាក់ សម្រាប់សិស្សអតីតអាហារូបករណ៍ អេសស៊ីជីចែករំលែកក្តីសុបិន ដែលនឹងបន្តការសិក្សានៅសាកលវិទ្យាល័យនានា។
ក្រុមហ៊ុន អេសស៊ីជី Passion for Better ជាមាគ៌ារបស់យើង ដែលមិនមែនអនុវត្តតែក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការប្តេជ្ញាចិត្តរបស់យើង សម្រាប់សង្គម និងសហគមន៍ដែលយើងដំណើរការផលិតកម្ម។ យើងពិតជាមានកិត្តិយសណាស់ ដែលបានឃើញសិស្សអាហារូបករណ៍ អេសស៊ីជី ទទួលបានជីវិតដ៏ល្អប្រសើរ ដោយគាត់ទទួលបាននូវឱក្នុងការសិក្សាដែលល្អប្រសើរ៕