(ភ្នំពេញ)៖ សិស្សនិទ្ទេស A ចំនួន ៨នាក់ ក្នុងខណ្ឌច្បារអំពៅ បានទទួលរង្វាន់លើកទឹកចិត្តពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្រោយពីពួកគេ បានប្រឡងទទួលជ័យលាភី ក្នុងកំរិតមធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗកន្លងមកនេះ ដែលម្នាក់ៗទទួលបានកុំព្យូទ័រលេបថប់១គ្រឿង។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ទាំង៨នាក់ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលខណ្ឌច្បារអំពៅ បានកោតសរសើដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលនិទ្ទេស A គឺវាផ្តើមចេញពីការខិតខំរបស់ប្អូនៗ និងពីការខិតខំបង្ហាត់បង្រៀនរបស់ លោកគ្រូ-អ្នកគ្រូ បានល្អផងដែរ។
លោកអភិបាលខណ្ឌ បានបន្តថា ប្អូនៗទាំងអស់គ្នា គឺជានិមិត្តរូបរបស់ខណ្ឌ សម្រាប់ប្អូនៗជំនាន់ក្រោយ យកធ្វើជាគំរូ និងរៀនសូត្រតាម ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ឲ្យរៀនពូកែដូចពួកប្អូន។ មិនត្រឹមតែប៉ុណ្ណោះ ប្អូនៗគឺជាធនធានមនុស្ស ដែលសង្គមត្រូវការបំផុតសូមប្អូនៗ និងក្មួយៗ ត្រូវប្រឹងប្រែងរៀនសូត្របន្ត នៅថ្នាក់មហាវិទ្យាល័យ ដើម្បីលើកមុខមាត់ និងកិត្តយសរបស់គ្រួសារ ជាបន្តទៀត។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏លើកឡើងផងដែរ ដែលទាក់ទងទៅនឹងចំណេះដឹងទូទៅ និងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាក្ដីព្រួយបារម្ភ ដោយសូមឲ្យប្អូនៗ បង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរទៅមក ក្នុងការគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគោរពគ្នា ក្នុងពេលធ្វើដំណើរ។ ជាពិសេស គឺបញ្ហាគ្រឿងញៀន សូមប្អូនកុំប្រើប្រាស់ឲ្យសោះ វានឹងទាញប្អូនៗ ឲ្យខូចអនាគត និងសង្គមអាប់អួរ ហើយសូមប្អូនៗ កុំអស់សង្ឃឹម គឺត្រូវបោះជំហានទៅមុខបន្តិចទៀត ប្អូននឹងដល់គោលដៅជាមិនខាន។
លោកបន្ដទៀតថា ប្អូនកុំគិតថា យើងជាកូនចៅអ្នកក្រ យើងគ្មានបក្សពួកខ្សែស្រឡាយ មិនអាចធ្វើការធំដុំ បានឲ្យសោះរដ្ឋាភិបាល បានកំពុងផ្ដល់ឱកាស ដល់យុវជនជំនាន់ក្រោយច្រើនណាស់ (ទាំងក្របខណ្ឌរាជការ និងមុខងារនយោបាយ) តែប្អូនៗ គប្បីមានសមត្ថភាព មានបទពិសោធន៍ មានទំនាក់ទំនងល្អនឹងបុគ្គលដទៃ ធ្វើឲ្យគេមានទំនុកចិត្តនោះ ឱកាសការងារតូចធំនឹងទទួលបាន។
សូមបញ្ជាក់ថា នៅក្នុងខណ្ឌច្បារអំពៅ សិស្សនិទ្ទេស A ចំនួន៨រូបនេះ មកពីវិទ្យាល័យច្បារអំពៅ៤រូប, សាលាប៊ែលធី១រូប និងសាលាវេស្ទឡាញ ចំនួន២រូប និងសាលាហ៊ែបភីចាន់ដារ៉ា១រូប៕