(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នៅវេលាម៉ោង០៥៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំអំណោយរបស់អនុសាខាកាកបាទក្រហមស្រុក ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារព្យុះភ្លៀងខ្យល់កន្រ្ទាក់ ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់១៣ខ្នង និងមានទឹកជំនន់លិចខូចខាតផ្លូវ និងស្ពានឈើ១កន្លែងទាំងស្រុង មិនអាចធ្វើដំណើរបាន។

លោក ហាក់ ឡេង បានថ្លែងថា នៅវេលាម៉ោង០៥៖០០នាទី ថ្ងៃទី១៥ ខែកញ្ញា សម្ពាធអាកាសធាតុទាប់ ដែលធ្វើឲ្យមានភ្លៀងខ្យល់កន្រ្ទាក់យ៉ាងខ្លាំង បោកបក់មកលើលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតអស់ចំនួន១៣ខ្នង មានចំនួន២ឃុំ គឺឃុំកណ្តោល និងឃុំថ្មស និងទឹកជន់លិចខូចខាតផ្លូវគ្រោះក្រហម និងស្ពានឈើ១កន្លែង មិនអាចធ្វើដំណើរបានស្ថិតនៅឃុំថ្មស។

លោកបានបន្តថា ក្នុងនាមជាអាជ្ញាធរ ទោះបីព្យុះភ្លៀងក៏លោក និងក្រុមការងារ ចុះជួយដោះស្រាយជូនប្រជាពលរដ្ឋជាបឋម ដើម្បីឲ្យក្រុមគ្រួសារគាត់មានភាពកក់ក្តៅ ទោះបីជាយ៉ាងណាអាជ្ញាធរ និងកាកបាទក្រហម នៅតែយកចិត្តទុកដាក់លើបងប្អូនជានិច្ច ដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិ ដោយមិនប្រកាន់នូវនិន្នាការនយោបាយណាមួយឡើយ។

លោកបានបញ្ជាក់ថា គ្រោះធម្មជាតិនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះនោះឡើយ ខូចខាតផ្ទះសំបែងមួយចំនួន និងស្ពានផ្លូវតែប៉ុណ្ណោះ។ លោកក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ ជាពិសេសបញ្ហាសុខភាព៕