(ភ្នំពេញ)៖ សកម្មជនមកពីសង្កាត់ទាំង៧ នៃសាលាខណ្ឌឫស្សីកែវ ប្រមាណ ៣០០នាក់ ថ្លែងអំណរគុណ និងជូនពរចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បន្ទាប់ពីទទួលបានការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តរបស់លោកទាំង២ តាមរយៈលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។
ពិធីជួបសំណេះសំណាលក្នុងការនាំយកគ្រឿងឧបភោគ និងថវិការបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី មកឧបត្ថម្ភជូនដល់សកម្មជន និងយុវជន ក្រោមអធិបតីភាពលោក ជា ពិសី បានធ្វើឡើងនៅបរិវេណសាលាខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លើកឡើងនាឱកាសបន្ទាប់ពីប្រគល់ និងទទួលអំណោយនេះ លោក ជា ពិសី និងសកម្មជនយុវជនទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូពីសកម្មភាពការងាររបស់មន្ត្រីថ្នាក់ក្រោម ទោះបីស្ថិតក្នុងកាលៈទេសៈណាក៍ដោយ ស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ ក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី, លោក ជា ពិសី និងសកម្មជនយុវជនទាំងអស់ សូមជូនពរលោក-លោកស្រី ទាំង២ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ដោយសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លា និងបានសមប្រកបតែសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕