(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃបិណ្ឌ១ តាមប្រពៃណីខ្មែរ នៅបរិវេណវិទ្យាល័យបាក់ទូក ក៏មានការជួបជុំដ៏ធំមួយ ប្រារព្ធនូវពិធីចំនួន០៣ព្រមគ្នា នោះគឺពិធីដាក់ឲ្យ ដំណើរការប្រើប្រាស់ជាផ្លូវការ ទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ពិធីបិទការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំនៅរាជធានីភ្នំពេញ។
ពិធីជួបជុំអតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្ស នៃសាលាបាក់ទូក ដើម្បីរំលឹកគុណ អតីតលោកគ្រូ អ្នកគ្រូ ព្រមទាំងមានការរៀបចំនំបញ្ចុកពិសាររួមគ្នា ទាំងគណអធិបតីលោក លោកស្រី អតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូក នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករ យុវនិស្សិតតំណាង ក្រុងស្រុកទាំង០៩ នៃខេត្តបន្ទាយមានជ័យ ដែលមកបន្តការសិក្សា នៅរាជធានីភ្នំពេញ ប្រមាណជាង២,៦០០នាក់ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យបាក់ទូក បានចូលរួមយ៉ាងអធឹកអធម។
ទីលានបាល់ទាត់ វិទ្យាល័យបាក់ទូក ដែលដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ត្រូវបានកសាងជាថ្មីឡើងវិញ ដោយចាក់ដី ដាំស្មៅ កិនបង្ហាប់ ធ្វើដេហ្គាធំ និងប្រព័ន្ធរំដោះទឹក ចូលដេហ្គា ក្រោមការរួមវិភាគទាន របស់អតីតសិស្សរួមជំនាន់សាលាបាក់ទូក ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្តួចផ្តើមជាជំហរបន្ថែមពីលើសមិទ្ធិផលផ្សេងៗទៀត ដូចជា តារាងបាល់បោះ បង្គន់អនាម័យស្តង់ដាទំនើប ការ៉ូឡាលម្អសួនមួយចំនួន ដែលអតីតសិស្សរួមជំនាន់ទាំងនេះ បានរួមគ្នាបរិច្ចាគធនធាន កសាងកន្លងមក ទុកជាអនុស្សាវរីយ៍ក្នុងសាលាបាក់ទូក និងជាការដឹងគុណចំពោះ អតីតលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនពួកគេនៅសាលាមួយនេះ។
បន្ទាប់ពីកាត់ខ្សែបូរសម្ពោធទីលានបាល់ទាត់រួច គណអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ បាននាំគ្នាទស្សនាការប្រកួតផ្តាច់ព្រ័ត យកចំណាត់ថ្នាក់លេខ១ និងលេខ២ រវាងក្រុមយុវនិស្សិតក្រុងប៉ោយប៉ែត ជាមួយនឹងក្រុមយុវនិស្សិតស្រុកអូរជ្រៅ ដែលជាក្រុមឆ្នើមចុងក្រោយ សល់ពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ក្នុងចំណោម០៩ក្រុម អស់ជាច្រើនសប្តាហ៍កន្លងមក។
ជាលទ្ធផល គឺក្រុមយុវនិស្សិតក្រុងប៉ោយប៉ែត ទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ១។ គណៈកម្មាការរៀបចំការប្រកួត បានលើកឡើងថា ការរៀបចំប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាព យុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលមកបន្តការសិក្សានៅរាជធានីភ្នំពេញ នេះគឺជាលើកទី៣ ហើយក្រោមគំនិតផ្តួចផ្តើមពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ តាមយៈឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ, ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏សម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក រ័ត្ន ស្រ៊ាង ដែលបានឧបត្ថម្ភដល់ការរៀបចំកម្មវិធីប្រកួតទាំងស្រុង សរុបជាង៦,០០០ដុល្លារ និងបានសំណូមពរជួយឧបត្ថម្ភគាំទ្រនៅឆ្នាំក្រោយៗ ជាបន្តទៀត ទទួលបានការឯកភាពពីលោក រ័ត្ន ស្រ៊ាង ផងដែរ។
ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បានប្រគល់ថវិកាបន្ថែម១,០០០ដុល្លារ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជូនដល់ក្រុមកីឡាករទាំង០៩ ក្នុង១ ក្រុម១០០ដុល្លារ និងគណកម្មការរៀបចំការប្រកួត១០០ដុល្លារ។
ក្រោយបញ្ចប់កម្មវិធីបិទការប្រកួតបាល់ទាត់ អតីតសិស្សសាលាបាក់ទូក ក៏មានរៀបចំអំណោយប្រគល់ជូនដល់អតីតលោកគ្រូ អ្នកគ្រូចំនួន៣៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៤០ម៉ឺនរៀល ទឹកដោះប៊ឺត០១កេស ទឹកផ្លែឈើ០១កេស, ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅសាលាបាក់ទូកបច្ចុប្បន្ន១១១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ជូនដល់ប្អូនៗ ក្រុមកាយ៉ារិទ្ធិ ក្នុងម្នាក់ៗ០២ម៉ឺនរៀល និងបានអញ្ជើញគណអធិបតីភ្ញៀវកិត្តិយស នាយ នាយរង អាវុធហត្ថរាជធានីភ្នំពេញ ក្រុមកីឡាករ និងប្អូនៗសិស្សានុសិស្សដែលមានវត្តមានក្នុងកម្មវិធីទាំងអស់ ចូលរួមពិសារនំបញ្ចុកជាមួយគ្នាយ៉ាងសប្បាយ រីករាយស្និតស្នាលក្រៃលែង៕