(សៀមរាប)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៊ី បានបង្ហោះសារថ្មីមួយទៀតក្រោមចំណងជើងថា៖ «ព្រះមហាក្សត្រ ក៏ដូចមនុស្សធម្មតាដែរ គឺមានខ្លាំង មានអន់»។ សម រង្ស៊ី សរសេរបន្ថែមថា៖ «បើប្រៀបធៀបព្រះមហាក្សត្រចុងក្រោយ និងព្រះមហាក្សត្រសព្វថ្ងៃ គឺខុសគ្នា ដូចមេឃនិងដី»។ សម រង្ស៊ី ថែមទាំងមួលបង្កាច់ប្រមាថព្រះករុណា នរោត្តម សីហមុនី ថា៖ «ព្រះអង្គមិនដែលចេញព្រះភ័គ្រ ទៅជួយការពារប្រជារាស្ត្រខ្មែរទេ។ ព្រះមហាក្សត្របែបនេះ មិនមែនជាព្រះមហាក្សត្រ គួរឲ្យស្រលាញ់ និងគោរពទេ»។
នេះជាការវាយប្រហារផ្ទួនៗលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រជាជនកម្ពុជាបន្ទាប់ពី សម រង្ស៊ី ប្រមាថព្រះអង្គតាមរយៈបទសម្ភាសន៍មួយ នៅវិទ្យុអាស៊ីសេរី នៅ២ថ្ងៃមុន គឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។ ទង្វើពាលរបស់ សម រង្ស៊ី បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន។ ហេតុអ្វី សម រង្ស៊ី កាន់តែពាលដោយបន្តប្រើពាក្យសម្តីបាតផ្សារ ប្រមាថអង្គព្រះមហាក្សត្រ? តាមការវិភាគរោគចិត្តសាស្ត្រ គឺមានកត្តាយ៉ាងហោច៥យ៉ាង ដែលនាំឲ្យ សម រង្ស៊ី ចេញចរិតពាលយកព្រះមហាក្សត្រជាសត្រូវ ហើយអំពើពាលទុច្ចរិតបែបនេះ បានពន្លេចឲ្យឃើញកាន់តែច្បាស់ថា សម រង្ស៊ី គឺជាអ្នកនយោបាយបាតផ្សារ អាណាថាទាបថោក ដ៏គួរឲ្យខ្ពើបរអើមបំផុត។
ទី១៖ កត្តា «តំណរឈាម» ពីឪពុកជាជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ៖ ខ្មែរមានពាក្យ១ឃ្លាថា «ឈាមដែលមិនកែប្រែ»។ ឪពុក សម រង្ស៊ី គឺជនក្បត់ជាតិ សម សារី ជាអ្នកក្បត់សម្តេចព្រះនរោត្តម សីហនុ ដ៏អាក្រក់ជួរជាតិបំផុត។ ឈាមនេះមិនប្រែប្រួលឡើយទើបធ្វើឲ្យ សម រង្ស៊ី ក្លាយជាតំណរជាតិនៃជនក្បត់ជាតិជំនាន់ថ្មី ហើយហ៊ានប្រើពាក្យបំភ្លៃប្រមាថ ព្រះករុណា នរោត្តម សីហមុនី។ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះអង្គមិនលូកលាន់ក្នុងនយោបាយទេ។ ក៏ប៉ុន្តែ នយោបាយងងិតងងុលប្រឆាំងជាតិផ្កាប់មុខបានធ្វើឲ្យ សម រង្ស៊ី ក្លាយជាជនបាតផ្សារ គិតតែពីប្រយោជន៍មហិច្ឆតានយោបាយខ្លួន ប្រឆាំងមិនមិនរើសមុខ រហូតក្លាយជាទមិឡអន្តិរថីដែលប្រជាជាតិកម្ពុជាស្អប់ខ្ពើម និងមិនអត់ឱនឲ្យឡើយ។
ទី២៖ កត្តា«ចរិតពាលផ្ទាល់ខ្លួន» របស់ សម រង្ស៊ី៖ តាំងពីដើមឡើយ កូនក្បត់ជាតិម្នាក់នេះ មានលក្ខណៈអត្តនោម័ត្តខ្លាំងណាស់ក្នុងការសម្រេចចិត្ត។ របៀបនេះហើយដែលរយៈពេល២៥ឆ្នាំក្នុងនយោបាយងងិតងងុល សម រង្ស៊ី មិនដែលស្គាល់អ្វីទៅហៅថា ជោគជ័យនោះទេ។ ភាពងងិតងងុល និងអញនិយម តែងរុញច្រាន សម រង្ស៊ី ឲ្យធ្វើការសម្រេចចិត្តបែបជ្រុលនិយម ប៉ាតណាប៉ាតណី សូម្បីតែផ្ទៃក្នុងដូចជាលោក ស៊ុន ឆ័យ ជាដើមធ្លាប់ព្រលយពាក្យថា៖ «សម រង្ស៊ី មិនចេះស្តាប់យោបល់អ្នកណាទេ គឺជាមនុស្សអត្តនោម័ត»។ ជំងឺខឹងគោ វ៉ៃរទេះ របស់ សម រង្ស៊ី គឺជាកំហុសខាងនយោបាយ ហើយការបោះជំហ៊ានបើកសមរភូមិប្រមាថអង្គព្រះមហាក្សត្រ គឺជាការខុសឆ្គងខាងសីលធម៌និងគុណធម៌ធំធេងណាស់។ សម រង្ស៊ី មិនទទួលផលបន្តិចសោះពីនយោបាយពាលប្រមាថព្រះមហាក្សត្រនេះឡើយ គឺមានតែទទួលការថ្កោលទោសដល់ទីបំផុត។
ទី៣៖ កត្តាហ៊ុព័ទ្ធដោយពួកពាលនៅជុំវិញខ្លួន៖ សម រង្ស៊ី នៅសល់ជុំវិញខ្លួនតែមនុស្សជ្រុលនិយមនិងវិកលកចរិតប៉ុន្មាននាក់ដូចជា អេង ឆៃអ៊ាង និង មួរ សុខហួរ តែប៉ុណ្ណោះ។ មនុស្សក្រៅពីនេះ ដូចជា យឹម សុវណ្ណ, កែ សុវណ្ណរតន៍, និង ស៊ុន ឆ័យ ជាដើមបានដកខ្លួនយ៉ាងស្ងប់ស្ងាត់ហើយ។ ពាលនៅជុំវិញដោយជនពាលនិងវិកលចរិត នាំឲ្យការគិតជ្រុលនិយម ហើយការសម្រេចចិត្តបានតែលទ្ធផលពាល។ កម្ពុជា មានបាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ។
ប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា និងរដ្ឋធម្មនុញ្ញកម្ពុជា បានបញ្ជាក់ជាមេរៀនច្បាស់ណាស់ថា តួអង្គទាំង៣នេះ គឺមិនអាចអ្នកណាប្រមាថបំផ្លាញបានឡើយ។ បើជនណាសម្រេចចិត្តខុស ប៉ះពាល់តម្លៃតួអង្គ៣នេះ គឺប៉ះពាល់ដល់ស្មារតីឯកភាពជាតិ នោះគឺជាការនាំកម្ពុជាធ្លាក់ទៅនរកអវិចីយ៍ ដោយសារជម្លោះនិងសង្គ្រាមបង្ហិនបង្ហោចដូច លន់ ណុល និង ប៉ុល ពត បានធ្វើរួចមកហើយ។ សម រង្ស៊ី ពិតជាមានលក្ខណៈជា សម សារី ជនក្បត់ជាតិ និងជា ប៉ុល ពត ទី២ដែលជាសត្រូវរបស់ប្រជាជនកម្ពុជា។
ទី៤៖ កត្តា អស់សង្ឃឹមក្នុងនយោបាយចុងក្រោយ៖ នេះគឺជាកត្តាសត្យានុម័តក្នុងជីវិតនយោបាយទ័លច្រករបស់ សម រង្ស៊ី។ មនុស្សរបស់ កឹម សុខា រួមទាំងកូនស្រី កឹម សុខា ក៏រក្សាភាពស្ងប់ស្ងាត់មិនគាំទ្រអំពើជ្រុលនិយមរបស់ សម រង្ស៊ី នោះឡើយ។ ជាងពាក់កណ្តាលនៃមនុស្សជំនិត សម រង្ស៊ី ក៏បានដកខ្លួនមិនចូលរួមស្លាប់តៃហោងជាមួយ សម រង្ស៊ី ឡើយ។ សកម្មជនសេសសល់ភាគច្រើន ក៏មិនយកក្បាលក្រាលជាឈ្នាន់ ស្រោចឈាមក្រាលជាព្រំឲ្យ សម រង្ស៊ី ដើរជាន់ឡើងជាមធ្យោបាយដណ្តើមអំណាច តាមបែបព្រៃផ្សៃនោះដែរ។ ប្រជាជនកម្ពុជាដែលជាអ្នកស្នេហាសន្តិភាពនិយម ក៏មិនហៃអើនិងមិនគាំទ្រសកម្មភាពតាមផ្លូវបដិវត្តន៍ពណ៌របស់ សម រង្ស៊ី ដុតបំផ្លាញប្រទេសជាតិសារជាថ្មីនោះទេ។ ប្រជាជនកម្ពុជា មិនព្រមជាដាច់ខាត ហើយច្បាស់ណាស់ ប្រជាជននឹងកាត់ទោស សម រង្ស៊ី ក្នុង២៤ម៉ោងបញ្ជូនទៅឲ្យយមរាជ កាត់ទោសបន្តកុំឲ្យងើបមកចាប់ជាតិជាមនុស្ស។
ទី៥៖ កត្តាបាត់បង់តម្លៃនិងការគាំទ្ររបស់បរទេស៖ យើងអាចចែកនិន្នាការបរទេសជា៣ចំណែកគឺ អាស៊ាន, អឺរ៉ុប និង អាមេរិក។ សម រង្ស៊ី ជាមនុស្សរើសអើងពូជសាសន៍បំផុត ហើយ សម រង្ស៊ី ក៏គ្មានប្រយោជន៍អ្វីបន្តិចសោះចំពោះបណ្តាប្រទេសអាស៊ានដែរ។ ទោះបី សម រង្ស៊ី ខំបង្ហោះរូបថតទៅប្រទេសណាមួយក្នុងអាស៊ាន គឺវាគ្រាន់តែជាអ្នកទេសចរតាមចិញ្ចើមផ្លូវម្នាក់ប៉ុណ្ណោះ ហើយគ្មានអ្នកណាទៅចាប់ដៃជាមួយជនទាបថោកនោះទេ។ អឺរ៉ុប ចំពោះ សម រង្ស៊ី គឺ សម រង្ស៊ី ជាជនអស់តម្លៃក្នុងការប្រើប្រាស់ហើយ។ គ្មានបណ្តាមេដឹកនាំផ្លូវការណាមួយមើលឃើញតម្លៃ សម រង្ស៊ី ឡើយ។ នេះជាលទ្ធផលនៃនយោបាយអាណាថារបៀបបាតផ្សារ។ ចំពោះ អ្នកនយោបាយអាមេរិក វិញគឺប្រើ សម រង្ស៊ី ដើម្បីជាកូនអុកតែប៉ុណ្ណោះ។
ការពិតអាមេរិក ត្រូវការភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងពហុប្រយោជន៍ហើយតម្លៃ សម រង្ស៊ី គឺទាបជាង កឹម សុខា ឆ្ងាយណាស់។ មកដល់ម៉ោងនេះ សម រង្ស៊ី គ្រាន់ជាតួរងប៉ុណ្ណោះ បើលេងមិនដល់គេ «រុញចោល»។ សម រង្ស៊ី អាចយកចំណុចនេះទៅគិតឲ្យបានល្អិតថា៖ «អ្វីទៅជាស្លឹកចេក ឬនយោបាយទ្រនាប់?»។ នៅអត្ថបទក្រោយ ខ្ញុំនឹងរំលេចចេញឲ្យឃើញថា៖ «តើបរទេសប្រើ សម រង្ស៊ី ជាសត្វក្របីចម្លងភក់ឲ្យ កឹម សុខា ដោយរបៀបម៉េច?»។ គិតមិនជ្រៅ លេងមិនដល់ ងាប់ឥតអំពើ៕
ដោយ៖ សេនាជាតិ