(ភ្នំពេញ)៖ ក្រមរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិយ៉ាងច្បាស់អំពីវិធានទូទៅ និងប្រភេទនៃកិច្ចសន្យា។ ពាក្យថាកិច្ចសន្យា គឺជាសកម្មភាពគតិយុត្តដែលបង្កើតនូវទំនាក់ទំនងជាសិទ្ធិ និងករណីយកិច្ចតាមផ្លូវច្បាប់រវាងបុគ្គលពីររូប ឬច្រើនរូបជាគូភាគីបង្ហាញឆន្ទៈដើម្បីបង្កើតកិច្ចសន្យាតាមរយៈសំណើ និងស្វីកា។
កិច្ចសន្យាដែលមានកំណត់ជាក់លាក់នៅក្នុងក្រមរដ្ឋប្បវេណីមានចំនួន ១៣ប្រភេទ ប៉ុន្តែទោះជាយ៉ាងណាក្នុងសង្គមកម្ពុជាបច្ចុប្បន្នកិច្ចសន្យា គឺមានច្រើនប្រភេទទៀត ដែលកើតឡើ តាមការព្រមព្រៀងរបស់គូភាគី ហើយមានសុពលភាព និងអានុភាពអនុវត្តតាមផ្លូវច្បាប់ផងដែរ បើទោះបីពុំមានកំណត់នៅក្នុងក្រមរដ្ឋប្បវេណីក៏ដោយ។ កិច្ចសន្យាដែលឃើញមានប្រើប្រាស់ជាញឹកញាប់រួមមាន៖ កិច្ចសន្យាលក់ទិញ កិច្ចសន្យាខ្ចីបរិភោគ( កិច្ចសន្យាខ្ចីប្រាក់) ភតិសន្យា (កិច្ចសន្យាជួល) កិច្ចសន្យាការងារ ។ល។
ដោយឡែកក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ មួយទាក់ទងជាមួយនឹងកិច្ចសន្យាខ្ចីបរិភោគ មកធ្វើការបកស្រាយ និងចែករំលែកជូនដូចខាងក្រោម៖
យោងតាមមាត្រា៥៧៨ កិច្ចសន្យាខ្ចីបរិភោគ គឺសំដៅលើកិច្ចសន្យាមួយប្រភេទ ដែលភាគីម្ខាង ហៅថាអ្នកឲ្យខ្ចី ដែលមានករណីកិច្ចប្រគល់ការប្រើប្រាស់ដោយសេរី នូវប្រាក់ ស្បៀងអាហារ ឬវត្ថុជំនួសផ្សេងទៀត ក្នុងអំឡុងពេលកំណត់ណាមួយឲ្យទៅភាគីម្ខាងទៀត ដែលយើងហៅថាអ្នកខ្ចី ។ ដោយឡែកអ្នកខ្ចីមានករណីកិច្ចត្រូវប្រគល់សងទៅ អ្នកឲ្យខ្ចីវិញនូវវត្ថុដែលមានប្រភេទ គុណភាព និង ចំនួនស្មើគ្នានឹងវត្ថុដែលទទួលបានពីអ្នកឲ្យខ្ចី ។
មានន័យថាក្នុងករណីដែលអ្នកឲ្យខ្ចី ប្រគល់ជាប្រាក់ ឬជាអង្ករ នោះអ្នកខ្ចីមានសេរីភាពក្នុងការប្រើប្រាស់ ឬបរិភោគអង្ករនោះបាន ហើយអ្នកខ្ចីត្រូវមានករណីកិច្ចសងត្រឡប់ទៅអ្នកឲ្យខ្ចីវិញ នូវប្រាក់ដែលមានចំនួនស្មើគ្នា ឬអង្ករដែលមានប្រភេទ និងបរិមាណ ឬគុណភាពដូចគ្នា ក្រោយអំឡុងពេលកំណត់មួយបានមកដល់ ។
ឧទាហរណ៍៖ លោក សុខ បានឲ្យលោក សៅ ខ្ចីអង្ករផ្ការំដួលចំនួន ៣០ គីឡូក្រាម ដើម្បីដោះបញ្ហាជីវភាពប្រចាំថ្ងៃ ភាគីទាំងពីរបានព្រមព្រៀងគ្នាថា ត្រូវប្រគល់សងវិញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ហើយអង្ករនោះត្រូវតែជាអង្ករផ្ការំដួល។ ដូច្នេះនៅពេលដល់អំឡុងពេលកំណត់លោក សៅ មានកាតព្វកិច្ចត្រូវប្រគល់អង្ករផ្ការំដួលចំនួន ៣០ គីឡូក្រាម មកឲ្យលោក សុខ វិញ ។
កិច្ចសន្យាខ្ចីបរិភោគ ត្រូវបង្កើតឡើងដោយមានការព្រមព្រៀងរបស់ភាគីទាំងសងខាង ហើយភាគីក៏អាចបង្កើតកិច្ចសន្យាដែលមាន កម្មវត្ថុសងជាការប្រាក់បានផងដែរតាមរយៈ ការព្រមព្រៀងបង្កើតនូវសិទ្ធិលើបំណុល ទៀតសោតដើម្បីឲ្យសិទ្ធិលើបំណុល ដែលភ្ជាប់ការប្រាក់មានអានុភាព លុះត្រាតែការព្រមព្រៀងនោះ ត្រូវធ្វើឡើងទម្រង់ជាលាយលក្ខណ៍អក្សរ ដោយភាគីត្រូវផ្តិតស្នាមមេដៃ ឬចុះហត្ថលេខាក្នុងកិច្ចសន្យា ។
កិច្ចសន្យាខ្ចីបរិភោគត្រូវបានចែកចេញជា២ ប្រភេទ៖
* កិច្ចសន្យាខ្ចីបរិភោគដោយភ្ជាប់ការប្រាក់
* កិច្ចសន្យាខ្ចីបរិភោគដោយមិនយកការប្រាក់
១៖ កិច្ចសន្យាខ្ចីបរិភោគដោយភ្ជាប់នូវការប្រាក់
កិច្ចសន្យាខ្ចីបរិភោគដែលមានភ្ជាប់ការប្រាក់ គឺអ្នកឲ្យខ្ចីត្រូវមានករណីយកិច្ចប្រគល់វត្ថុឲ្យ ទៅអ្នកខ្ចីហើយវត្ថុដែលប្រគល់នោះ ត្រូវតែជាវត្ថុដែលគ្មានវិការៈ (វត្ថុដែលមានសភាពល្អធម្មតា) ។
ដោយឡែកប្រសិនបើវត្ថុដែលអ្នកឲ្យខ្ចីបានប្រគល់ឲ្យអ្នកខ្ចីជាវត្ថុដែលមានវិការៈកំបាំង ហើយអ្នកខ្ចីពុំបានដឹងអំពីវិការៈនោះទេ នោះអ្នកខ្ចីអាចទាមទារឲ្យអ្នក ឲ្យខ្ចីប្តូរមកវិញនូវវត្ថុដែលគ្មានវិការៈមកឲ្យខ្លួនបាន ។
លើសពីនេះ ចំពោះការទាមទារឲ្យប្តូរវត្ថុដែលមានវិការៈអ្នកខ្ចីក៏អាចទាមទារសំណងនៃការខូចខាតបានផងដែរ ។ ជាគោលការណ៍ អត្រាការប្រាក់ត្រូវកំណត់តាមការព្រមព្រៀងរបស់ភាគីហៅថា «អត្រាការប្រាក់ក្នុងកិច្ចសន្យា» ។ ក្នុងករណីដែលភាគីបានសន្យាបង់ការប្រាក់តែមិនបានកំណត់អំពីអត្រាការប្រាក់ នោះអត្រាការប្រាក់គេត្រូវគិតទៅតាមច្បាប់កំណត់ហៅថា «អត្រាការប្រាក់កំណត់ដោយច្បាប់» ។
ជាការពិតណាស់ច្បាប់បានអនុញ្ញាតឲ្យគូភាគីនៃកិច្ចសន្យាអាចធ្វើការព្រមព្រៀងដោយសេរី ប៉ុន្តែអត្រាការប្រាក់ត្រូវស្ថិតក្រោមអតិបរមាដែលច្បាប់បានកម្រិតនៅចន្លោះពី ១០% (ដប់ភាគរយ) ទៅ ៣០% (សាមសិបភាគរយ) ក្នុងមួយឆ្នាំ។
អត្រាការប្រាក់ដែលត្រូវបានកម្រិត សំដៅដល់អត្រាការប្រាក់ ដែលកំណត់បានដោយស្របតាមច្បាប់ តាមការព្រមព្រៀងរវាងគូភាគី ដែលកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗទៀត តាមរយៈប្រកាសរបស់ក្រសួងយុត្តិធម៌ស្ដីពីអត្រាការប្រាក់លេខ ១២៨ កយ.ប្រក/១១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ។ អត្រាការប្រាក់ដែលត្រូវបានកម្រិត ត្រូវបានកម្រិតមិនឲ្យលើសពី ១៨% (ដប់ប្រាំបីភាគរយ) ក្នុងមួយឆ្នាំ។
អត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ជាអត្រាការប្រាក់ដែលបញ្ញតិក្នុងមាត្រានៃក្រមរដ្ឋប្បវេណី គឺចំនួន ៥% (ប្រាំភាគរយ) ក្នុងមួយឆ្នាំ។ ហើយបញ្ញាតិនេះ នឹងយកមកអនុវត្តក្នុងករណី ដែលមានវិវាទ (សិទ្ធិលើបំណុលនៃការប្រាក់) កើតឡើង នៅពេលដែលគូភាគីមិនបានធ្វើការព្រមព្រៀងគ្នាអំពីអត្រាការប្រាក់នោះ ។
ម្យ៉ាងទៀត ពាក់ព័ន្ធជាមួយនឹងពេលវេលានៃការបង់ការប្រាក់ បើភាគីពុំមានកំណត់អំពីថិរវេលានៃការបង់នោះទេ ការប្រាក់ត្រូវបង់ទៅឲ្យអ្នកឲ្យខ្ចីនៅរៀងរាល់រយៈពេល មួយឆ្នាំបានកន្លងផុត ដោយចាប់គិតពីពេលដែលបានប្រគល់វត្ថុ ដែលជាកម្មវត្ថុនៃការខ្ចី ប៉ុន្តែបើអ្នកខ្ចីយល់ព្រមសងវត្ថុនៅមុនរយៈពេល មួយឆ្នាំត្រូវបង់ការប្រាក់នៅពេល ប្រគល់វត្ថុដែលជាកម្មវត្ថុនៃការខ្ចីនោះ ។
ក្នុងករណីដែលមានការយឺតយ៉ាវមិនបានសងការប្រាក់ សម្រាប់រយៈពេលចាប់ពីមួយ ១ឆ្នាំ ឡើងទៅ បើទោះបីជាអ្នកឲ្យខ្ចីបានដាស់តឿនឲ្យសងយ៉ាងណា ក៏អ្នកខ្ចីនៅតែមិនព្រមសងការប្រាក់នោះ អ្នកឲ្យខ្ចីអាចបូកការប្រាក់បញ្ចូលទៅក្នុងប្រាក់ដើមបាន។
ឧទាហរណ៍៖ លោក «ក» បានចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយលោក “ខ” ដោយយល់ព្រមឲ្យគាត់ខ្ចីលុយចំនួន ៤០.០០០USD ដោយភ្ជាប់ជាមួយការប្រាក់អត្រា ៩% (ប្រាំបួនភាគរយ) ក្នុងរយះពេល១ឆ្នាំ។ ដូច្នេះលោក «ខ» ជាអ្នកខ្ចី មានករណីកិច្ចត្រូវសងប្រាក់ដើមចំនួន ៤០.០០០USD និងត្រូវបង់ការប្រាក់តាមអត្រាការប្រាក់ក្នុងកិច្ចសន្យាចំនួន ៩% (ប្រាំបួនភាគរយ) មកឲ្យលោក «ក» ។
២៖ កិច្ចសន្យាខ្ចីបរិភោគដោយមិនយកការប្រាក់
កិច្ចសន្យាប្រភេទនេះ គឺត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តួយ៉ាងដូចជាការខ្ចីលុយគ្នាទៅវិញទៅមករវាងមិត្តភក្តិ ឬបងប្អូនជាអាទិ៍។ ចំពោះកិច្ចសន្យាខ្ចីបរិភោគដែល មិនភ្ជាប់ការប្រាក់ត្រូវបានធ្វើឡើង ជាលាយលក្ខណ៍អក្សរ នោះអ្នកឲ្យខ្ចីត្រូវមានករណីកិច្ចប្រគល់វត្ថុដែលជាកម្មវត្ថុនៃការឲ្យខ្ចីតាមការព្រមព្រៀង ។
ប៉ុន្តែក្នុងករណីដែលកិច្ចសន្យាខ្ចីបរិភោគបានធ្វើឡើងដោយផ្ទាល់មាត់ ប្រសិនបើអ្នកឲ្យខ្ចីពុំទាន់បានប្រគល់របស់ខ្ចីជាក់លាក់នោះទេ អ្នកឲ្យខ្ចីអាចបញ្ឈប់ការ ឲ្យខ្ចីវិញបានដោយពុំចាំបាច់ មានមូលហេតុច្បាស់លាស់នោះទេ (មាត្រា៥៨០ នៃក្រមរដ្ឋប្បវេណី) ។
ឧទាហរណ៍៖ លោក A បានឲ្យលោក B ខ្ចីពូជស្រូវផ្កាម្លិះចំនួន៣០ គីឡូក្រាម ដើម្បីយកទៅបង្កបង្កើនផល ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាថា ឆ្នាំក្រោយនឹងសងពូជស្រូវដែលមានចំនួន និងប្រភេទដូចគ្នាមកឲ្យភាគី A វិញ ។
សូមបញ្ជាក់ផងដែរថាចំពោះ កិច្ចសន្យាខ្ចីបរិភោគដែលធ្វើឡើងដោយផ្ទាល់មាត់ភាគី A អាចបញ្ឈប់ការឲ្យខ្ចីវិញបាន ដោយពុំចាំបាច់មានមូលហេតុច្បាស់លាស់នោះទេ លើកលែងតែវត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យាខ្ចីបានប្រគល់ឲ្យហើយតែប៉ុណ្ណោះ ។
ដោយឡែក ប្រសិនបើកិច្ចសន្យាបានបង្កើតជាលាយលក្ខណ៍អក្សរនោះភាគី A មានករណីកិច្ចប្រគល់វត្ថុដែលជាកម្មវត្ថុ (ស្រូវផ្កាម្លិះ) មកឲ្យភាគី B តាមការព្រមព្រៀង ។
ការរំលាយកិច្ចសន្យាខ្ចីបរិភោគដោយការធ្លាក់ចុះទំនុកចិត្តចំពោះអ្នកខ្ចី នៅចន្លោះពេលដែលកិច្ចសន្យាបានបង្កើតឡើង រហូតដល់ពេលប្រគល់វត្ថុដែលជាកម្មវត្ថុនៃកិច្ចសន្យា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់អ្នកខ្ចីធ្លាក់ចុះយ៉ាងខ្លាំង ដែលនាំឲ្យមានឧបសគ្គដល់ការអនុវត្តកាតព្វកិច្ចសង ។
ករណីនេះអ្នកឲ្យខ្ចីមានសិទ្ធិរំលាយកិច្ចសន្យាខ្ចីបរិភោគចោលវិញបាន ។ ប៉ុន្តែក្នុងករណីដែលអ្នកឲ្យខ្ចីទទួលបានកម្រៃជើងសារ ឬតម្លៃថ្នូរផ្សេងៗជាមុន នោះអ្នកឲ្យខ្ចីមានករណីយកិច្ចសងទៅអ្នកខ្ចីវិញ (មាត្រា៥៨១ នៃក្រមរដ្ឋប្បវេណី) ។
សរុបសេចក្ដីមកឃើញថា កិច្ចសន្យាខ្ចីបរិភោគជាកិច្ចសន្យាមួយប្រភេទ ដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជានៅក្នុងកិច្ចការរកស៊ីផងដែរ ដោយអាស្រ័យទៅតាមទំហំនៃភាពចាំបាច់របស់ប្រជាពលរដ្ឋ ឬតម្រូវការស្ថានភាពអាជីវកម្មជាក់ស្តែង ។
មិនតែប៉ុណ្ណោះ កិច្ចសន្យាខ្ចីបរិភោគ ជាកិច្ចសន្យាដែលបានដើរតួនាទីយ៉ាងសំខាន់ដើម្បីធានានូវភាពសុចរិត និងភាពស្មោះត្រង់រវាងអ្នកឲ្យខ្ចី និងអ្នកខ្ចីក្នុងគោលបំណងធានាពីភាពច្បាស់លាស់ក្នុងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគី ។
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក លាង ប៊ុនឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៧ ៧៧៧ ៣៩៤, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕