(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រគល់រថយន្តគិលានសង្គ្រោះ ទី៣៧ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បញ្ជាការដ្ឋានការពារដែនអាកាស។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយ៉ាងច្រើន នៅបញ្ជាការដ្ឋានការពារដែនអាកាសយ៉ាងច្រើនផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានការពារដែនអាកាស អគ្គបញ្ជាការ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនឹងការខ្វះខាត របស់កងយោធពលខេមរភូមិន្ទ គ្រប់ទីកន្លែង។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា នេះជារថយន្តគិលានសង្គ្រោះបន្ទាន់លើកទី ៣៧គ្រឿងហើយ ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់តាមរយៈលោកឧកញ៉ា បណ្ឌិត ជា រតនា និងលោកស្រី លី ហៀក រតនា ដែលជាទីប្រឹក្សាផ្ទាល់របស់សម្ដេច ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាព ដល់គិលានដ្ឋានគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានថ្លែងថា ពេទ្យឆ្មបមធ្យម និងអ្នកអនាម័យដើម្បីបម្រើសេវាគាំពារសុខភាពជូនកងទ័ពយើង និងប្រជាពលរដ្ឋ ដែលរស់នៅជិតមូលដ្ឋានកងទ័ព។ កន្លងមកនេះផ្នែកគិលានដ្ឋាន បញ្ជាការដ្ឋានការពារអាកាស ក្រៅពីការងារពិនិត្យ និងព្យាបាលជំងឺជូនយោធិនក្នុងអង្គភាព យើងក៏បានជួយពិនិត្យព្យាបាលជំងឺ ជូនគ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបន្ទាយកងទ័ព ដែលមានការខ្វះខាត ដោយឥតគិតថ្លៃផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកថា រថយន្តគិលានសង្គ្រោះបន្ទាន់ ដែលបានផ្ដល់ជូនដល់គិលានដ្ឋាននៃបញ្ជាការដ្ឋានការពារដែនអាកាស នាពេលនេះ មិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ជាប្រជាពលរដ្ឋ ដែលគ្រោះមហន្តរាយផ្សេងៗ នៅជិតមូលដ្ឋានកងទ័ពផងដែរ ទៅកាន់មន្ទីរពេទ្យ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹក ដល់ក្រុមគ្រូពេទ្យយោធា និងកងទ័ពទាំងអស់ ក្នុងបញ្ជាការដ្ឋានការពារអាកាស និងសាលាហ្វឹកហ្វឺនជំនាញការពារអាកាស សូមប្រើប្រាស់រថយន្ត គិលានសង្គ្រោះនេះ ជាលក្ខណៈមនុស្សធម៌ ដោយមិនមានគិតពីកម្រៃ ឬនិន្នាការនយោបាយ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំឭកម្ដងហើយម្ដងទៀត ដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋាន និងសាលាជំនាញការពារអាកាស អគ្គបញ្ជាការ ត្រូវប្រកាន់ភ្ជាប់នៅវិន័យ ថែរក្សាសេចក្តថ្លៃថ្នូរ ជាកងយោធពលខេមរភូមិន្ទ ដោយមិនត្រូវចូលរួមដាច់ខាត់ ក្នុងចលនា នយោបាយប្រឆាំងណាមួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទះរាស្ត្រ ដោយត្រូវការពារដាច់ខាតរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កត់ធ្ងន់ថា កងទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ ណាមួយរបស់ជនក្បត់ជាតិ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មី។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្ដីដែលជនក្បត់ជាតិ សម រង្ស៊ី និយាយប្រាប់គេឯងនៅក្រៅប្រទេស ថានឹងចូលមកស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ ម្ដងហើយម្ដងទៀត លើកចុះលើកឡើង ថ្ងៃនេះថ្ងៃនោះ ដោយមូលហេតុនេះ មូលហេតុនោះ គឺជាការបោកប្រាស់ ហើយក៏ជាការធ្វើប្រជាភិថុត ដើម្បីឱ្យក្រុមជ្រុលនិយមជឿផ្កាប់មុខ ដែលដើរតាមខ្លួន មានសង្ឃឹមមកលើការឃោសនា បោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ។ តែធាតុពិត សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផងទេនោះ។
ទន្ទឹនឹងនេះនាយឧត្តមសេនីយ៍ ក៏បានប្រគល់រថយន្តពេទ្យព្រមទាំងថវិកាចំនួន ៥លានរៀល ដល់បញ្ជាការដ្ឋានការពារអាកាសផងដែរ៕