(ពោធិ៍សាត់)៖ ក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស, ប្រតិភូក្រុមការងារយុវជនក្រៅប្រទេស ដែលដឹកនាំដោយ លោក ឡៅ ប៊ុនឡុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាតំណាងក្រុមការងារទ្វីបអឺរ៉ុប បាននាំយកថវិកាសប្បុរសធម៌ របស់បងប្អូនខ្មែររស់នៅក្រៅប្រទេស ប្រគល់ជូនក្រុមគ្រួសារសព២នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
ពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ធនិន អភិបាលខេត្ត, អភិបាលរងខេត្ត មន្ត្រីមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងអាជ្ញាធរ ស្រុកឃុំទាំង២។
លោក ម៉ៅ ធនិន បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូក្រុមការងារយុវជនក្រៅប្រទេសទាំង២២រូប ដោយបានថ្លែងថា នេះគឺជាភ័ព្វសំណាងរបស់ក្រុមគ្រួសារសព ដែលបានទទួលថវិកាជាបន្តបន្ទាប់ ជាក់ស្តែងនាថ្ងៃនេះ ថវិកាដែលបានមកពីសប្បុរសជន បងប្អូនខ្មែររស់នៅក្រៅប្រទេស តាមរយៈក្រុមការងារយុវជន ផ្តល់ជូនគ្រួសារសពជនរងគ្រោះ ដែលស្លាប់ក្នុងព្រឹត្តិការណ៍ បាក់រលំអគារនៅខេត្តព្រះសីហនុ។ ទាំងអស់នេះ បានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរយើង ជាពិសេសសប្បុរសជនបងប្អូនខ្មែរ រស់នៅក្រៅប្រទេស រួមមានទ្វីបអឺរ៉ុប កាណាដា អាមេរិក ញូហ្សែលែន អូស្ត្រាលី និងកូរ៉េ។
លោក ឡៅ ប៊ុនឡុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាតំណាងក្រុមការងារទ្វីបអឺរ៉ុប បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនក្រៅប្រទេស ដែលបានយកចិត្តទុកដាក់អំពាវនាវ ដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។
លោកក៏បានពាំនាំការថ្លែងអំណរគុណ ដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកា ជួយដល់ពលរដ្ឋដែលរងគ្រោះទាំងអស់នោះ ដូចជានៅខេត្តពោធិ៍សាត់ បាត់ដំបង និងកំពង់ឆ្នាំង។ លោកបានបន្ថែមថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនក្រៅប្រទេស ត្រូវបានចែកជូនគ្រួសារសព រងគ្រោះស្មើៗគ្នា ជាក់ស្តែងដូចជាសពកម្មករ និងកម្មការិនី២នាក់ ដែលរស់នៅក្នុងខេត្តពោធិ៍សាត់ គឺក្នុងម្នាក់ៗទទួលបានថវិកា ៦,១៦៩.៨៩ដុល្លារអាមេរិក តាមរយៈសាខាធនាគារអេស៉ីលីដាខេត្ត សម្រាប់ចាត់ចែងធ្វើបុណ្យខួបគម្រប់១០០ថ្ងៃ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធនៃសព។
ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណ ដល់លោក ហ៊ុន ម៉ាណែត និងប្រតិភូក្រុមការងារយុវជនក្រៅប្រទេស ដែលបានស្វែងរកមូលនិធិ ជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ក្រុមគ្រួសារសពនីមួយៗ ដើម្បីបន្តជីវភាពរស់នៅ និងចិញ្ចឹមបីបាច់កូនតទៅមុខទៀត និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង ក្នុងការដឹកជញ្ជូនសព ជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ។
សូមបញ្ជាក់ថា សពកម្មករ តុន ទីម អាយុ៣៨ឆ្នាំ បានបន្សល់ទុកនូវភរិយាម៉េម៉ាយឈ្មោះ យឹម សុភា និងកូនស្រី២នាក់ និងកូនប្រុសម្នាក់ រស់នៅភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ រីឯសពកម្មការិនី ពិន លំអង អាយុ២៨ឆ្នាំ បានបន្សល់ទុកនូវស្វាមីពុំទាន់ស្របច្បាប់ឈ្មោះ កែវ រស្មី អាយុ៣៣ឆ្នាំ និងកូនប្រុសម្នាក់ មានឪពុកបង្កើតឈ្មោះ ម៉ក់ ហាន និងម្តាយបង្កើតឈ្មោះ ស៊ូ សៀន៕