(ភ្នំពេញ)៖ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បាននិយាយក្នុងកម្មវិធីមួយរបស់វិទ្យុអាស៊ីសេរី ជុំវិញការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី នោះបុគ្គលរូបនេះ បានប្រើពាក្យសម្ដីប្រមាថយ៉ាងធ្ងន់ធ្ងរ ទៅលើព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
បុគ្គលដែលរុំព័ទ្ធទៅដោយពាក្យបណ្ដឹងជាច្រើននោះបាន និយាយដោយប្រមាថព្រះចេស្តាថា៖ «អ្នកនៅលើទឹកដីប្រទេសកម្ពុជាជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន សូម្បីព្រះមហាក្សត្ររបស់យើងក៏ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដូច្នេះលោកអត់ហ៊ានធ្វើអី លោកខ្លាច ហ៊ុន សែន លោកចង់តែរក្សារាជបល្ល័ងលោក ដូច្នេះយើងទុកព្រះអង្គមួយអន្លើ យើងមិនអាចរំពឹងព្រះមហាក្សត្រ ដែលជាអាយ៉ងរបស់ ហ៊ុន សែន ដូច្នេះសព្វថ្ងៃនេះទេ»។
ពាក្យសម្ដីប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ នេះមិនត្រឹមតែរំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ប៉ុន្តែការប្រមាថនេះក៏ត្រូវបានប្រជាជនខ្មែរ ចាត់ទុកថា ជាការប្រមាថទៅលើប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រមាថទៅដល់ប្រទេសខ្មែរទាំងមូលផងដែរ។
តួយ៉ាងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការប្រើពាក្យសម្ដីប្រមាថទៅលើ អង្គព្រះមហាក្សត្រនេះ គឺជាចេតនារបស់បុគ្គលទណ្ឌិតនេះផ្ទាល់តែម្ដង ដោយធ្វើយ៉ាងណារកលេសឲ្យបានកាន់តែច្រើន ក្នុងការមិនវិលត្រឡប់មកកម្ពុជាវិញតាមសន្យាររបស់លោក។
លោកបណ្ឌិត គិន ភា ក៏បានលើកឡើងដែរថា ទោសនៃការប្រមាថព្រះចេស្ដារបស់ព្រះមហាក្សត្រនេះ គឺមិនមែនជាទោសនយោបាយទេ ដោយព្រះមហាក្សត្រត្រូវបានធានាការពារដោយរដ្ឋធម្មនុញ្ញ ហើយបុគ្គលណាក៏ដោយ ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រ គឺត្រូវទទួលទោសទាំងអស់។
មិនតែប៉ុណ្ណោះលោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា ការប្រមាថទៅលើព្រះមហាក្សត្រនេះជាបញ្ហាគំនុំផ្ទាល់ខ្លួន ដែលមានទទួលបានពីឪពុករបស់លោក គឺលោក សម សារី ដែលជាបុគ្គលក្បត់និងរាជបល្ល័ង ពោលគឺជាពូជក្បត់ជាតិតាំងពីឪពុករហូតដល់កូន។ អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយខាងលើ ក៏បានបន្ថែមទៀតថា បុគ្គល សម រង្ស៊ី គឺជាមនុស្សដែលហ៊ានដុតផ្ទះអ្នកដទៃ ដើម្បីយកមកស្ងោរពងទាសម្រាប់ខ្លួនឯង។ ហើយស្ថាប័នព្រះមហាក្សត្រអាចនិងត្រូវរំលាយ ប្រសិនជាបុគ្គលរូបនេះបានកាន់អំណាច។
មិនត្រឹមតែអ្នកជំនាញវិទ្យាសាស្រ្តនយោបាយឡើយ ដែលថ្កោលទោសដល់ទណ្ឌិត សម រង្ស៊ី សូម្បីតែនិស្សិតដែលសិក្សាថ្នាក់ប្រវត្តិសាស្រ្ត ក៏បានថ្កោលទោស យ៉ាងធ្ងន់ធ្ងរលើទណ្ឌិត សម រង្សី ដែរ នោះគឺលោក លាភ សំណាង ដោយលោកបានអះអាងថា បុគ្គលរូបនេះមិនសមមានឈ្មោះជាជនជាតិខ្មែរឡើយ។ ហើយលោកក៏មិនចង់ឃើញការវិលត្រឡប់របស់ទណ្ឌិតរូបនេះ មកកាន់ប្រទេសកម្ពុជាវិញដែរ។ ព្រោះនយោបាយរបស់លោក មិនដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនអ្វីឡើយ ក្រៅពីមកបន្ទុចបង្អាក់ដំណើរអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
ចំណែកប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមួយរូបទៀត គឺលោក ពៅ រដ្ឋា បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី បានប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ដូចជាប្រទេសជាតិកម្ពុជាខ្លាំងណាស់។ អាស្រ័យហេតុនេះហើយ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប លោកសុំដល់ក្រសួងមហាផ្ទៃ ចាត់ការបុគ្គល សម រង្ស៊ី នេះទៅតាមច្បាប់ដែលមានជាធរមាន។ ដើម្បីជាគម្រូដល់ជនដទៃទៀតដែលមានគំនិតប្រមាថព្រះមហាក្សត្រ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។
ការផ្ទុះការថ្កោលទោសដល់ទណ្ឌិត សម រង្ស៊ី ពីគ្រប់ស្ថាប័នជាតិ និងមជ្ឈដ្ឋានប្រជាពលរដ្ឋនេះត្រូវបានធ្វើឡើងក្រោយពីដែល ទណ្ឌិត សម រង្ស៊ី ដែលកំពុងរួញក្បាល មិនហ៊ានមកទទួលទោសក្នុងប្រទេសកម្ពុជា និងកំពុងរកមធ្យោបាយកុហកអន្តរជាតិថាខ្លួនជាអ្នកទោសនយោបាយនោះ៕