(កំពង់ធំ)៖ លោក ស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយចុះទៅចែកចូនដល់ប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងសែន ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងអំពាវនាវឲ្យពលរដ្ឋបង្កើន ការប្រុងប្រយ័ត្នការពារកុមារតូចៗ និងថែរក្សាសុខភាព ដើម្បីជៀសវាងប្រការមិនល្អផ្សេងៗ ជាយថាហេតុពិសេសការទទួលទាន។
ការអំពាវនាវរបស់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ធ្វើឡើងក្នុងឱកាសលោកស្រី និងលោក សុខ លូ ប្រធានគណកម្មការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកជំនន់ ព្រមទាំងពាំនាំយកអំណោយ ទៅចែកជូនប្រជាជនរស់នៅតាមដងស្ទឹងសែន ដែលរងផលប៉ះពាល់កាលពីទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកស្រី ខៀវ ស៊ីណា បញ្ជាក់ថា យើងមិនអាចដឹងមុន ឬប៉ាន់ស្មានបានពីស្ថានភាពនៃ គ្រោះធម្មជាតិបានទេ ប៉ុន្តែអ្វីសំខាន់គឺត្រូវរួមគ្នាជួយគ្នា ក្នុងគ្រាលំបាកតាមលទ្ធភាពដែលមាន។ ជាមួយនេះក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះសុវត្ថិភាពក្មេងៗ និងបញ្ហាសុខភាពព្រោះរដូវនេះ ងាយទទួលរងការឆ្លងជម្ងឺដង្កាត់ផ្សេងៗ។
លោកស្រី ខៀវ ស៊ីណា និងលោក សុខ លូ បានបញ្ជាក់ចំពោះមុខពលរដ្ឋថា គ្រប់កាលៈទេសៈ ពិសេសពេលប្រជាជន ជួបការលំបាកសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរដោះស្រាយ និងស្ថិតនៅជាប់ជានិច្ច ជាមួយសុខទុក្ខប្រជាជនទោះជា មិនបានអញ្ជើញចុះផ្ទាល់ក៏ចាត់ឲ្យតំណាង ឬក្រុមការងារចុះជួយដែរ។
លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរឲ្យដឹងថា នៅស្រុកប្រាសាទសំបូរឆ្នាំនេះ មានឃុំ៥ និងប្រជាជន៦៣៤គ្រួសារ រងផលប៉ះពាល់ពីទឹកជំនន់ស្ទឹងសែន ក្នុងនោះពលរដ្ឋចំនួន៥៩៩គ្រួសារ និងសត្វពាហនៈត្រូវជម្លៀស ទៅកាន់ទួលសុវត្ថភាព៥កន្លែង ដែលបានរៀបចំពីសមត្ថកិច្ចពាក់ព័ន្ធ។
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនដល់ប្រជាពលរដ្ឋតាមរយៈ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ ចែកជូនប្រជាជនរងផលប៉ះពាល់ចំនួន១៩៤គ្រួសារ ដែលមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម, មី និងឃីមួយកញ្ចប់។
ដោយឡែកអំណោយផ្ទាល់របស់លោស្រីរួមមាន៖ សម្ភារះប្រើប្រាស់មាន ចាន ឆ្នាំង ធុងទឹក និងសម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួនផងដែរ៕