(ពោធិ៍សាត់)៖ នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ៥៨០គ្រួសារ មកពីឃុំចំនួន៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។
លោកស្រីអគ្គលេខាធិការបានបន្ថែមនូវសារសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋមានដូចជា៖
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះគិតគូរពី ការថែទាំសុខភាពជាចម្បង ដែលក្នុងនោះ ការទទួលទានអាហាររូបត្ថម្ភគឺជារឿងចាំបាច់ ដោយ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ គ្មានសំរាម គ្មានទឹកដក់ឬជម្រក សត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់។
សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ដើម្បីតាមដាន និងទប់ស្កាត់ការចម្លងជំងឺ នានាពីម្តាយទៅទារក ដូចជាជំងឺអេដស៍ ឬជំងឺតំណពូជជាដើម ហើយត្រូវទៅសម្រាលកូន នៅមណ្ឌលសុខភាព ដែលនៅជិតបំផុត។
* សូមអ្នកដែលរស់នៅជាមួយមេរោគអេដស៍ទាំងអស់ ទៅទទួលថ្នាំប្រឆាំងមេរោគឱ្យបានទៀងទាត់ និងកុំចម្លងទៅអ្នកដទៃ ហើយត្រូវដើរតួជាអ្នកផ្សព្វផ្សាយដល់អ្នកដទៃឱ្យចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា និងកាកបាទក្រហមកម្ពុជា ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍ ន៍ប្រកបដោយចីរភាព នៅឆ្នាំ២០២៥ គឺគ្មានការឆ្លងមេរោគអេដស៍ថ្មី គ្មានការស្លាប់ដោយសារមេរោគអេដស៍ និងគ្មានការរើសអើង។
* សូមចូលរួមចំណែកទាំងអស់គ្នាលើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃ អំពើហិង្សា ចោរកម្ម សម្លាប់មនុស្ស ដើម្បី សេចក្តីសុខក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គមជាតិយើង។
* សូមចូលរួមអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាស្លាប់ និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃ។
សូមក្មួយៗយុវជន ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ត្រូវធ្វើជាគំរូល្អដល់អ្នកដទៃ ខិតខំសិក្សារៀនសូត្រ និងជួយអូសទាញមិត្តភក្តិដែលដើរផ្លូវខុសមកធ្វើអំពើល្អវិញ។
ជាមួយគ្នានោះ លោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតំណាងឱ្យប្រជាពលរដ្ឋទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែយកចិត្តទុកដាក់ឆ្លើយតបចំពោះសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយព្រហ្មវិហារធម៌បានទាន់ពេលវេលា និងគ្មានការរើសអើងអ្វីទាំងអស់។
សូមជម្រាបថា គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ និងអាវ១៕