(សៀមរាប)៖ ទោះបីមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកចិត្ត ឆន្ទៈ សកម្មភាពមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោមិនរាថយឡើយ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយមិនគិតថ្លៃជិត៣,០០០នាក់ ដែលមានព្យាបាលជំងឺទូទៅ ជំងឺមាត់ ធ្មេញ ត្រចៀក ច្រមុះ បំពង់ក រោគស្រ្តី ស្ត្រីមានផ្ទៃពោះ និងការវះកាត់តូចៗ នៅនឹងកន្លែង។
សកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅក្នុងវិទ្យាល័យស្នាតេជោ ភូមិស្នាតេជោ ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលដឹកនាំដោយលោក លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ត្រីរាជការអាជ្ញាធរ យោធិន គ្រួសារយោធិនមកពីមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្តេចតេជោ ហ៊ុន សែនគូលែន៣១៧សៀមរាប កងកម្លាំងប្រដាប់អាវុធ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់។
ថ្លែងសំណេះសំណាលជាមួយកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លោកស្រី អនុប្រធានសមាគម បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋតាមរយៈការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ លើសពីនេះ សម្ដេចបានឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅតាមអង្គភាពចំណុះបណ្តាភូមិភាគ។
នៅក្នុងឱកាសនោះដែរ លោកស្រីក៏បានលើកឡើងពីគំរូវីរភាព និងការលះបង់របស់កងទ័ពនៅសមរភូមិមុខ និងសូមឲ្យយើងទាំងអស់គ្នា ចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពដែលមានដូចសព្វថ្ងៃ ដើម្បីយើងរស់នៅមានសេចក្តីសុខ។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យសុខភាព និងព្យាបាល ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តម្នាក់ៗ បានសំដែងនូវក្តីរំភើបសប្បាយរីករាយ រកអ្វីប្រៀបស្មើពុំបាន ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត តែងតែគិតគូរ ពីសុខភាពជាពលរដ្ឋទូទៅ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ពួកគាត់បានឲ្យដឹងទៀតថា ការព្យាបាលសុខភាព ជូនពួកគាត់នាពេលនេះ គឺបានកាត់បន្ថយការចំណាយ ក្នុងគ្រួសាររបស់គាត់ បានមួយចំណែកទៀតផងដែរ។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តសៀមរាប គឺជាលើកទី៥ហើយ ដែលសកម្មភាពមនុស្សធម៌នេះ បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីរាជការអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) យុវជន នៅផ្លូវដែលពាក់ព័ន្ធក្នុងការបម្រើសេវា សុខាភិបាល បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ប្រចាំថ្ងៃ៕