(ភ្នំពេញ)៖ តាមរបាយការណ៍សុខភាពពិភពលោក ក្នុងចំនោមគូស្វាមី ៦គូ នឹងមាន១គូ ដែលលំបាកមានកូន ហេតុនេះហើយ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា (ORIENDA) សហការជាមួយមន្ទីរពេទ្យអន្តរជាតិ ផាយ៉ាថៃ៣ រៀបចំសិក្ខាសាលាសុខភាព បង្ហាញពីមូលហេតុនៃការជំងឺលំបាកមានកូន និងជំងឺមហារីកមាត់ស្បូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទន្លេបាសាក់២។

លោកស្រីវេជ្ជបណ្ឌិត គួន លីនកា ឯកទេសសម្ភពនិងរោគស្ត្រី បានថ្លែងថា ភាពពិបាកមានកូន ទោះជាគាត់ព្យាយាមរស់នៅជាមួយគ្នាយ៉ាងណាក៏ដោយ ក៏នៅតែគ្មានលទ្ធភាពមានកូនដែរ ។មូលហេតុនេះ អាចបណ្ដាលមកពី ស្ដ្រី ៤០% បុរស៤០% និង២០% មកពីភាគីទាំងសងខាង។

សម្រាប់ស្ដ្រី អាយុជាកត្ដាសំខាន់ របៀបរបបនៃការរស់នៅ, ការលើស និងខ្វះទម្ងន់, មានភាពតានតឹងពេកក្នុងអារម្មណ៍ ការលំហាត់ប្រាណមិនបានត្រឹមត្រូវ មានអរម៉ូនបុរសច្រើនពេក ធាត់លើសខ្លាំង បើធៀបនិងអាយុ និងកម្ពស់ ដូចនេះ ស្ដ្រីដែលលក្ខណៈបែបនេះ មានសារធាតុមួយ ដែលធ្វើកន្សោមពងរបស់គាត់ បញ្ចេញពងមួយដ៏ធំល្អមិនបាន, ការរាំងរដូវ ២-៣-៦ខែ មានគីសដៃស្បូន ឬជំងឺប្រចាំកាយផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោកស្រី គួន លីនកា។

លោកស្រីវេជ្ជបណ្ឌិត គួន លីនកា បានថ្លែងបន្ដថា «សម្រាប់ភាពលំបាកមានកូនរបស់បរុស គឺមកពីបញ្ហា​ទាក់ទង​ដំណើរ​មេជី​វិត​ឈ្មោល, ការ​ឡើង​ប៉ោង​សរសៃ​វ៉ែន​ពងស្វាស, ភាព​មិន​ប្រក្រតី​នៃរូបរាង ឬចលនា​របស់​មេជី​វិត​ឈ្មោល, អ​តុល្យភាព​អ័រម៉ូន និងបញ្ហាមួយចំនួនទៀតដែលមិនអាចបកស្រាយបាន»

ជាមួយគ្នានោះ ដើម្បីព្យាបាល យើងត្រូវស្វែងយល់ពីរមូលហេតុផងដែរ លើសពីនេះយើងមានវិធីសាស្ដ្រព្យាបាលតាមរបៀបផ្សេង ការជំនួយអរម៉ូន ដោយប្រើថ្នាំ ការវះកាត់ និង បច្ចេកវិទ្យាបង្កកំណើត ។

ជាក់ស្ដែង នៅក្នុងសិក្ខាសាលានៅថ្ងៃនេះផ្ទាល់ មន្ទីរពេទ្យទាំងពីរនេះ ក៏បានរៀបចំសិក្ខាសាលាសុខភាពស្តីពី «បច្ចេកវិទ្យាជួយបង្ករកំណើតក្នុងកែវ និងការបង្ការជំងឺមហារីកមាត់ស្បូន» ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀត ជាពិសេសបច្ចេកវិទ្យាចុងក្រោយ ក្នុងការបង្ករកំណើតក្នុងកែវ។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត អ៊ាត មរកត នាយកប្រតិបត្តិ នៃមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានថ្លែងថា ការបង្កើតសេវាបង្ករកំណើតក្នុងកែវនេះឡើង គឺដោយសារមានការជំរុញ និងការជឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរ ដែលមានបញ្ហាលំបាកមានកូន ទើបញាំងឱ្យលោកស្រី គួន ធីតា ព្រមទាំងក្រុមគ្រូពេទ្យបង្កើត មន្ទីរពិសោធន៍ ដែលមានស្តង់ដាអន្តរជាតិ សម្រាប់ការបង្ករកំណើតក្នុងកែវនេះឡើង។

លោកវេជ្ជបណ្ឌិត អ៊ាត មរកត បានបញ្ជាក់ទៀតថា យោងតាមរបាយការណ៍សុខភាពពិភពលោក ក្នុងចំនោមគូស្វាមី ៦គូ នឹងមាន១គូ ដែលលំបាកមានកូន។ ហេតុនេះហើយ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា និងផ្តល់ក្តីសង្ឃឹមដល់ស្រ្តីគ្រប់រូបដែលមានផលលំបាកមានគក៌។

លោកវេជ្ជបណ្ឌិត សង្ឃឹមយ៉ាងម៉ុតមាំ ថា ប្រជាជនខ្មែរ នឹងយកចិត្តទុកដាក់អំពីការពិនិត្យសុខភាព ឱ្យបានទៀងទាត់ ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលាចំណាយយតិច និងអាត្រានៃការជាសះស្បើយមានកំរិតខ្ពស់។

នៅក្នុងសិក្ខាសាលានោះ លោកស្រីវេជ្ជបណ្ឌិត Naitt BoonKhum ឯកទេសជំងឺមហារីកមាត់ស្បូន មកពីមន្ទីរពេទ្យអន្តរជាតិ ផាយ៉ាថៃ៣ ក៏បានបង្ហាញពីជំងឺមហារីកមាត់ស្បូន ផងដែរ ខណៈដែលជំងឺបានកើតមានឡើងលើស្រ្តីនៅកម្ពុជា។

សូមជម្រាបថា ក្រៅពីសេវាកម្មបង្ករកំណើតក្នុងស្បូន មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ក៏មានសេវាកម្ម ផ្សេងៗទៀតដូចជា សម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ ជំងឺបេះដូង ជំងឺតម្រង់នោម ជំងឺក្រពះពោះវៀន សេវាសង្គ្រោះបន្ទាន់ក្នុងស្រុក និងសេវាសង្រ្គោះបន្ទាន់តាមយន្តហោះពិសេស២៤ម៉ោង សេវាថែទាំអ្នកជំងឺតាមផ្ទះ និងសេវាបញ្ចូនអ្នកជំងឺ ទៅព្យាបាលនៅក្រៅប្រទេស៕