(កំពង់ចាម)៖ លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ CUS បានថ្លែងថា ការសិក្សានៅថ្នាក់ឧត្តមសិក្សា ធ្វើឲ្យនិស្សិតពន្លឿនក្នុងការអភិវឌ្ឍខ្លួន ដើម្បីឈានទៅរកភាពជោគជ័យ។
លោកបណ្ឌិតបានថ្លែងទៅកាន់និស្សិតសាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តកំពង់ចាម ក្នុងសន្និសីទស្តីពី «ការសិក្សានៅឧត្តមសិក្សា និងអាជីពការងារ» នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ CUS សាខាខេត្តកំពង់ចាម។
លោកបណ្ឌិតមាសបូរ៉ាបានបន្តថា «ការបន្តការសិក្សាដល់ថ្នាក់កម្រិតឧត្តម នឹងជួយឲ្យយើងកំណត់បានគោលដៅជាក់លាក់ យុទ្ធសាស្ត្រ និងយុទ្ធវិធីដែលត្រូវអនុវត្ត ដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណង ឬសុបិន្តដើមរបស់យើងម្នាក់ៗ»។
បើតាមរបាយការណ៍ លោក ហែម បញ្ញា នាយកសាខាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននិស្សិតកំពុង សិក្សាមានប្រមាណជិត ២០០០០នាក់ និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាង ៣០០០០នាក់ អត្រាមានការងារធ្វើខ្ពស់ ជាងនេះទៅទៀតគុណភាព និងវិន័យក្នុងការបណ្តុះបណ្តាល ត្រូវបានលើកកម្ពស់ជាប្រចាំ។
ដោយឡែកលោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង ក៏បានធ្វើបទបង្ហាញពី «សិក្សានៅឧត្តមសិក្សា ដើម្បីចំណេះ ដឹងសមត្ថភាពការងារ»។ លោកបានសង្កត់ធ្ងន់ថា ការសិក្សាថ្នាក់ឧត្តមសិក្សាគឺជាការបណ្តាក់ទុន និងជាស្ពានយ៉ាងសំខាន់សម្រាប់ ការកសាងអនាគតរបស់ខ្លួន ការសិក្សាពិតជានឹងជួយឲ្យខ្លួនឯងអាចសម្រេចបានអនាគត និងជីវភាពរស់នៅដ៏ប្រសើរ។
លោក សៀង វីរៈ នាយកតំបន់ធនាគារកាណាឌីយ៉ា និងលោក ស៊ាន គឹមលួន នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ប្រចាំខេត្តកំពង់ធំ លោក វ៉ា មករា ប្រធានរដ្ឋបាល និងគណនេយ្យ ធនាគារកាណាឌីយ៉ាខេត្តកំពង់ចាម បានលើកឡើងស្រដៀងគ្នាផងដែរថា អាជីពក្នុងវិស័យហិរញ្ញវត្ថុនាសម័យបច្ចុប្បន្ន គឺលោកបានលើកឡើងអំពីវឌ្ឍនភាព ផលិតផល និងសេវាកម្មនានា រចនាស ម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស និងឱកាសការងារ ឱកាសដែលគ្រឹះស្ថានទាំងពីរផ្តល់ជូន ការត្រៀមខ្លួនដើម្បីទទួលឱកាសការងារ អត្ថប្រយោជន៍ សម្រាប់មុខតំណែងផ្សេងៗ ទៅតាមសមត្ថភាពនៅក្នុងស្ថាប័ន ផ្តល់ឱកាសការងារប្រកបដោយនិរន្តភាព ផ្តល់ការហ្វឹកហ្វឺនជាប្រចាំ ផ្តល់ការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម បង្កើតឱកាសសម្រាប់ក្លាយជាបុគ្គលដែលមានសមត្ថភាព។
លោក ខៀវ វឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ធំនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ និងលោក សុខ សារ៉ែម ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម បានលើកឡើងអំពី «ព័ត៌មានទីផ្សារការងារ និងកត្តាប្រឈម» គឺលោកបានលើកឡើងអំពីទីផ្សារការងារ ដែលមាននៅក្នុងខេត្ត រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស និងឱកាសការងារដែលយុវជន នឹងទទួលបានដោយផ្អែកទៅតាមលទ្ធផលដែលខ្លួនមាន៕