(កោះកុង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត មកជូនបងប្អូននាយទាហាន និងពលទាហានតំបន់សឹករង កងវរៈសេនាតូចការពារព្រំដែនលេខ៣ ដែលកំពុងឈរជើងការពារព្រំដែន នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកវរសេនីយ៍ទោ រ៉ម មុន្នីសុផា មេបញ្ជាការកងវរៈសេនាតូចព្រំដែនលេខ៣ បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងរាយការណ៍ជូនលោករដ្ឋមន្រ្តី និងប្រតិភូអមដំណើរ បានជ្រាបអំពីប្រពៃណី នៃសម្ព័ន្ធមេត្រីភាព រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយវរៈសេនាតូចការពារព្រំដែនលេខ៣ តាំងពីឆ្នាំ២០០៦ ហើយពិតណាស់តាមរយៈសម្ព័ន្ធមេត្រីភាពនេះហើយ បានធ្វើឲ្យវរៈសេនាតូច ដែលនៅលើខ្នងភ្នំដាច់ស្រយាល មួយនេះ មានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់។
យោងលើសមិទ្ធផល នៃសម្ព័ន្ធមេត្រីភាពនេះ លោកវរសេនីយ៍ទោ ក្នុងនាមឲ្យថ្នាក់ដឹកនាំអង្គភាពកងពលតូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ថ្នាក់ និងមន្រ្តីក្រោមឱវាទ ដែលបានលះបង់គ្រប់បែបយ៉ាងទាំងកាយចិត្ត និងថវិកាក្នុងទិសដៅ ជួយអភិវឌ្ឍវរៈសេនាតូចមួយនេះ សមស្របតាមពាក្យស្លោកមួយនិយាយថា «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»។
លោកក៏បានបន្តជម្រាបជូនអធិបតីជ្រាប ពីសភាពការណ៍ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន កិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ហេដ្ឋារចនា សម្ព័ន្ធក្នុងបន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វសម្រាប់បម្រើ ឲ្យជីវភាពក្នុងអង្គភាពទាំងមូល ការចុះជួយអន្តរាគមន៍ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ និងជាពិសេសជួយសម្រាលបុត្រជូនបងប្អូនយោធិន និងប្រជាពលរដ្ឋទៀតផង។
ក្រៅពីនេះ នៅមានសកម្មភាពមនុស្សធម៌ និងការងារសង្គមជាច្រើនទៀត ដែលវរៈសេនាតូចការពារព្រំដែនលេខ៣ សម្រេចបាន។ ឆ្លៀតយកឱកាសនេះ ដើម្បីជួយសម្រាល ទុក្ខលំបាកដែលវរៈសេនាតូច កំពុងប្រឈម លោកវរ:សេនីទោ បានស្មើសុំលោករដ្ឋមន្រ្តី មេត្តាជួយកសាងផ្លូវបេតុង១ខ្សែប្រវែង ៥៣៧ម៉ែត្រ និងប្តូរផ្ទាំងសូឡាកម្លាំង២៥០អំពែរ ចំនួន២៨ឈុត។
ក្នុងឱកាសរដូវភ្ជុំបិណ្ឌ លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខេត្ត លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចបានផ្ញើជូនវរៈសេនាតូចនូវការនឹករលឹក ទឹកចិត្តគោរពស្រលាញ់ និងគិតគូពីសុខទុក្ខ បញ្ហាជីវភាពរបស់វរៈសេនាតូចគ្រប់ពេលវេលា។
លោករដ្ឋមន្រ្តី បានសម្តែងទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរ នូវរាល់សមិទ្ធផលទាំងអស់ ដែលថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានសម្រេច ក្នុងរយៈពេលកន្លងមក។
លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងខ្លួនលោកផ្ទាល់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហាន លះបង់គ្រប់បែបយ៉ាង ឈរលើស្មារតី ទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ប្រកបដោយឆន្ទៈស្នេហាជាតិ ប្រជាជននិងការពារបូរណៈភាពទឹកដី។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានជម្រាបនាយទាហាន និងពលទាហាន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
លោកថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍ សមស្របតាមកំណើនសេដ្ឋកិច្ច កំណើន ប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗ សម្រាប់បម្រើឲ្យការអនុវត្តកម្មវិធី គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ យកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅ និងមានប្រសិទ្ធភាពស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកបានបន្តថា ដើម្បីឲ្យផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ ល្គឹកណាសមរភូមិមុខ និងសមភូមិក្រោយ ត្រូវលើកកម្ពស់ស្មារតីខិតខំប្រឹងប្រែង សហការជួយឧបត្ថម្ភ គាំទ្រគ្នាគ្រប់រូបភាព គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។
លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យវារៈសេនាតូចនេះ បន្តពង្រឹងរក្សាវីរភាពក្លាហាន និងឧត្តមគតិស្នេហាជាតិ ប្រជាជន បូរណៈភាពទឹកដី និងជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្ន ថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចលនា ឬសកម្មភាពគ្រប់បែបយ៉ាង ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល។ បន្តរក្សាសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍ ដើម្បីផ្តល់ឱកាសឲ្យសមភូមិក្រោយកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៀត។
សូមបញ្ជាក់ថា ក្នុងដំណើរចុះសួរសុខទុក្ខនាពេលនេះ លោករដ្ឋមន្រ្តី និងសហការី បាននាំយកគ្រឿងបរិភោគ បរិភោគ និងថវិកា១០លានរៀល ដោះស្រាយសំណើផ្លាស់ប្តូរផ្ទាំងសូឡា ៥,០០០ដុល្លារ ហើយនាយទាហាន និងពលទាហាន អញ្ជើញចូលរួម១៣០នាក់ ម្នាក់ៗ៤ម៉ឺនរៀលផងដែរ៕