(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ឆ្លងកាត់សង្គ្រាមយ៉ាងរ៉ាំរ៉ៃ ពិសេសក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ បានធ្វើការរិះគន់ខ្លាំងៗ ទៅលើក្រុមអ្នកនយោបាយប្រឆាំង ទាំងកំពុងនៅក្នុងស្រុក និងក្រៅស្រុក ដែលប្រកាសក្ដែងៗទាមទារសិទ្ធិ និងសេរីភាព ខណៈកម្ពុជា កំពុងតែមានសុខ សន្ដិភាពយ៉ាងពេញលេញ ហើយការអភិវឌ្ឍក៏កាន់តែរីកចម្រើនឡើង។
តាមរយៈវីដេអូឃ្លឹបដែលត្រូវបានចែកចាយជាបន្ដបន្តាប់ នៅតាមបណ្ដាញសង្គម Facebook បុរសម្នាក់បានចោទសួរទៅកាន់ក្រុមបក្សប្រឆាំង ពិសេសក្រុមអតីតគណបក្សសង្គ្រោះជាតិ ថាតើនៅពេលស្រុកមានសង្គ្រាម ពិសេសក្នុងរបប ប៉ុលពត ទៅណាអស់បានជាពេលស្រុកមានសន្ដិភាព ទើបលេចមុខមកប្រកាសចង់បានសេរីភាពទៅវិញ?។
ទើបទោះបីមិនបង្ហាញឈ្មោះ និងអត្តសញ្ញាណក៏ពិតមែន តាមរយៈវីដេអូជិត២នាទីដែលបានចែកចាយនោះ បុរសម្នាក់នេះបានលើកឡើងយ៉ាងដូច្នេះថា «អ្នកប្រឆាំងនៅស្រុកក្រៅ ហើយនៅក្នុងប្រទេស ដែលហៅថាបក្សប្រឆាំងនោះ នៅសុខៗសោះ ជំនាន់ប៉ុល ពត អត់មកទាមទារទេយកប្រទេសកម្ពុជា ប្រទេសកម្ពុជា ពេលគេរកសេរីភាពបានហើយ រហូតឆ្នាំនេះ បច្ចុប្បន្ននេះ ហើយខ្មែរក្រៅស្រុក ចាប់ផ្ដើមខ្ញុំមកទាមទារយកសេរីភាពឲ្យរាស្ដ្រកម្ពុជា ទាមទារម៉ែហែងអី។ ចុះកាលជំនាន់ប៉ុល ពត ខ្លាំងមិចមិនទាមទារទៅ ហើយមកទាមទារនៅពេលខ្មែរមានទ្រព្យសម្បត្តិ»។
ពលរដ្ឋម្នាក់នេះ បានអះអាងទៀតថា កាលដែលក្រុមអ្នកមាននិន្នាការនយោបាយប្រឆាំង មកទាមទារនៅពេលនេះ ជាទង្វើដែលឆ្កួតលីលា ហើយអ្វីដែលហួសចិត្តទៀតនោះ គឺការហៅអន្ដរជាតិមកជួយទាមទារ ដែលនេះហាក់ដូចការកំពុងតែមកប្លន់កម្ពុជាទាំងស្រស់តែម្ដង។
លោកបានគូសយ៉ាងដូច្នេះថា «ទៅហៅអន្ដរជាតិមកជួយ ដើម្បីធ្វើអន្ដរាគមន៍ដើម្បីចែកចាយទ្រព្យសម្បត្តិកម្ពុជា ឬយ៉ាងមិច គឺជារឿងឆ្កូត។ ពួកអ្នកឯងកំពុងតែជាចោរប្លន់មកចង់លួចទឹកដីកម្ពុជា រួចសុទ្ធតែអួតថា ខ្ញុំទាមទារឲ្យប្រជារាស្ដ្រដើម្បីមានលទ្ធិប្រជាធិបតេយ្យ»។
គួរជម្រាបថា តាមរយៈវីដេអូឃ្លឹបនេះ ត្រូវបានចែកចាយជាបន្ដបន្ទាប់ ហើយប្រជាពលរដ្ឋផ្សេងទៀត ក៏បានគាំទ្រផងដែរ ចំពោះការនិយាយរិះគន់ចំៗបែបនេះ ទៅកាន់ក្រុមអតីតបក្សប្រឆាំង ដែលកំពុងប្រកាសក្ដែងៗទាមទារសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋកម្ពុជា ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងមានសុខ និងសន្ដិភាពពេញលេញ៕