(ភ្នំពេញ)៖ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា បានចេញញត្តិមួយដោយថ្កោលទោស ទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថដល់ព្រះកិត្តិយម និងព្រះចេស្តា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតតម្កល់លើត្បូង។ ជាមួយគ្នានេះ សហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា ក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការទៅតាមផ្លូវច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត។
ក្នុងញត្តិថ្កោលទោសនេះ បានបញ្ជាក់ថា៖ «យើងខ្ញុំ ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៉ី ដែលមានចរិតជាជនក្បត់ជាតិ តែងតែបង្កចលាចល លាបពណ៌ ញុះញង់ និងបានជេរប្រមាថដល់ព្រះកិត្តិនាម ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
ញត្តិថ្កោលទោសបានបន្ថែមថា៖ «អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុងឧត្តមខាងលើ សង្គមជាតិកម្ពុជា កំពុងទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមសហព័ន្ធនិស្សិត បញ្ញវ័ន្ដ ប្រជាធិបតេយ្យកម្ពុជា សូមស្នើដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើរំលោភបំពាន យ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ ដោយអនុវត្តន៍ទៅតាមនីតិវិធីច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕