(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងគាំទ្រយ៉ាងពេញទំហឹង ចំពោះការបង្កើតសមាគមស្បែកជើងកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មស្បែកជើង នៅប្រទេសកម្ពុជា។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ពោធជាផ្លូវការ របស់សមាគមស្បែកជើងកម្ពុជា ហៅកាត់ថា (ស.ស.ក) នៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ នារាត្រីថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយនឹងនរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ។
លោកស្រីបានគាំទ្រយ៉ាងពេញទំហឹង និងថ្លែងកោតសសើរ ចំពោះលោកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម ដែលមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយទស្សនៈវិស័យដ៏ច្បាស់លាស់ បានរួមគ្នាបង្កើតសមាគមមួយនេះឡើង ដើម្បីសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស នៃវិស័យឧស្សាហកម្មផលិតស្បែកជើង នៅក្នុងប្រទេសកម្ពុជា ក្នុងការពារផលប្រយោជន៍សមាជិកផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍ វិស័យផលិតកម្មស្បែកជើងផង។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តដល់លោកឧកញ៉ា លី ឃុនថៃ សមាជិក និងសមាជិកានៃសមាគម ចូលរួមឲ្យកាន់តែសកម្ម ក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌នានា ព្រមទាំងចូលរួមលើកស្ទួយវិស័យឧស្សាហកម្មផលិតស្បែកជើងនៅប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ឲ្យមានសន្ទុះខ្លាំងឡើងជាលំដាប់៕