Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ប្រតិបត្តិការទាញសាឡង់ពីសសរស្ពានព្រែកតាមាក់ ត្រូវផ្អាកជាបណ្ដោះអាសន្ន រង់ចាំទឹកស្រកទើបបន្ដឡើងវិញ (Video inside)

14-09-2019 21:59

(កណ្ដាល)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រតិបត្ដិការអូសទាញសាឡង់ដឹកខ្សាច់ ដែលគឿងជាប់សសរស្ពានទី៣ នៃស្ពានព្រែកមាក់ ស្ថិតក្នុងខេត្តកណ្ដាលនេះ ត្រូវផ្អាកជាបណ្ដោះអាសន្ន ក្រោយប្រើគ្រប់មធ្យោបាយតែមិនទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃដែលត្រូវប្រតិបត្តិការឡើងវិញនោះ មិនទាន់អាចបញ្ជាក់បានឡើយទេ ព្រោះថាក្រុមការងារបច្ចេកទេស និងអ្នកជំនាញ ដែលមានពីក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរង់ចាំស្ថានភាពទឹកស្រកសិន ទើបអាចបំពេញការងារបន្ដទៀតបាន ដោយហេតុថានៅពេលនេះទឹកហូរខ្លាំង។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលប្រចាំការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុ តាំងពីថ្ងៃដំបូងបានអះអាងថា ការសម្រេចផ្អាកសកម្មភាពនេះ ធ្វើឡើងតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ លោកបានឲ្យដឹងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានណែនាំច្បាស់ហើយ ហាមដាច់ខាតមិនឲ្យក្រុមការងារប្រើប្រាស់នូវវិធីសាស្ដ្រចុះកាត់សាឡង់ដឹកខ្សាច់នេះជាពីរនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ក្រុមប្រតិបត្តិការជាយថាហេតុ។

បើតាមលោក ស៊ុន ចាន់ថុល ហេតុផលមួយទៀត ដែលនាំឲ្យក្រុមការងារបច្ចេកទេសសម្រេចផ្អាកសកម្មភាពនេះ ក៏ដោយសារមានការបញ្ជាក់ពី ក្រុមហ៊ុន សៀងហៃ ដែលជាអ្នកទទួលស្ថាបនាស្ពានព្រែកតាមាក់ បានចុះមកពិនិត្យផ្ទាល់នៅទីតាំងកើតហេតុ ហើយបានអះអាងថា មិនមានប៉ះពាល់ណាមួយ ដល់សសរស្ពាន ឬតួស្ពានទាំងមូល ដោយសារសាឡង់បុកនោះឡើយ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងទៀតថា សម្រាប់ប្រតិបត្ដិការរយៈពេល៧ថ្ងៃមកនេះ ក្រុមការងារជំនាញ បានប្រើប្រាស់ស្ទើរគ្រប់វិធីសាស្ដ្រ ទាំងប្រើនាវាទាញ និងរុញនៅតែមិនចេញ។ លោកថា ការដែលទាញមិនចេញដោយសារតែ សាឡង់មានទម្ងន់ធ្ងន់ បើទោះបីបូមខ្សាច់អស់ក៏ពិតមែន ព្រោះសាឡង់មានប្រវែងជាង៤៣ម៉ែត្រ ទទឹង៨ម៉ែត្រ បូករួមចរន្ដទឹកហូរខ្លាំងនោះជាឧបសគ្គធំ សម្រាប់ប្រតិបត្តិការទាំងមូល។

សូមជម្រាបថា ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើក និងទៅជាប់គាំង ជាមួយសសរស្ពានព្រែកតាមាក់ (សសរទី៣) បណ្តាលឲ្យគាបជាប់នៅនឹងសសរស្ពានទី៣ ស្ពានព្រែកតាមាក់តែម្តង។ រហូតមកដល់ថ្ងៃទី១៤ ខែកញ្ញានេះ មានរយៈពេល៧ថ្ងៃហើយ នៃប្រតិបត្តិការសង្គ្រោះ ប៉ុន្ដែអ្នកជំនាញនៅមិនទាន់អាចយកសាឡង់នេះចេញបាននៅឡើយទេ៕