(បាត់ដំបង)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកមោងប្ញស្សី ខេត្តបាត់ដំបង និងលោកស្រី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២0១៩ នៃវិទ្យាល័យមោងប្ញស្សី និងវិទ្យាល័យក្រឡោមភ្លុក ខេត្តបាត់ដំបង។
ពិធីសំណេះសំណាលខាងលើនេះ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង សារការី ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងមាតា-បិតាសិស្ស សរុបចំនួនប្រមាណ៥០០នាក់។
ក្នុងពិធីនោះ លោក អង្គ វង្ស វឌ្ឍានា បានអបអរសាទរ និងធ្វើការកោតសរសើរចំពោះក្មួយៗ និងចៅៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានប្រឡងជាប់គ្រប់និទ្ទេសទាំងអស់ ជាពិសេសចំពោះអ្នកដែលប្រឡង ជាប់និទ្ទេស A ទាំង៣រូប ប្រចាំស្រុកមោងប្ញស្សី ដែលនេះ ជាលទ្ធផលដ៏ជោគជ័យមួយ សម្រាប់ស្រុកមោងប្ញស្សីទាំងមូល។
លោក អង្គ វង្ស វឌ្ឍានា ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យមោងប្ញស្សី និងវិទ្យាល័យក្រឡោមភ្លុក លោកគ្រូ-អ្នកគ្រូ បំប៉នសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនសិស្ស ប្រកបដោយគុណធម៌ ការលះបង់កម្លាំងកាយ និងកម្លាំងចិត្ត។
ដើម្បីជាការលើកទឹកចិត្ត ដល់សិស្សស្សានុសិស្សទាំងអស់ លោក អង្គ វង្ស វឌ្ឍានា បានជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សដែលទទួលបាននិទ្ទេស A ម៉ូតូ១គ្រឿង និងទឹកប្រាក់ចំនួន២០០,០០០រៀល, សិស្សនិទ្ទេស B Tablet ១គ្រឿង និងទឹកប្រាក់ចំនួន២០០,០០០រៀល, សិស្សនិទ្ទេស C ទឹកប្រាក់ចំនួន១៥០,០០០រៀល, សិស្សនិទ្ទេស D ទឹកប្រាក់ចំនួន១០០,០០០រៀល និងសិស្សនិទ្ទេស E ទឹកប្រាក់ចំនួន៥០,០០០រៀល។
លោក អង្គ វង្ស វឌ្ឍានា ក៏បានឧបត្ថម្ភប្រាក់ចំនួន៥០០,០០០រៀល សម្រាប់គ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ចំនួន២៨នាក់ និងឧបត្ថម្ភប្រាក់ចំនួន១០០,០០០រៀល សម្រាប់គ្រូបង្រៀនទូទៅ ដែលបង្រៀននៅក្នុងវិទ្យាល័យ មោងប្ញស្សីផងដែរ។
ទន្ទឹមគ្នានោះ លោកអង្គ វង្ស វឌ្ឍានា បានផ្តាំផ្ញើទៅសិស្សជ័យលាភីទាំងអស់ អស់ឲ្យបន្តខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រនៅសាកលវិទ្យាល័យ ដើម្បីអនាគតខ្លួនឯងផង ដើម្បីគ្រួសារផង និងប្រទេសជាតិរបស់យើង គ្រប់រូបផង។
លោកបន្ដថា ត្រូវចងចាំថា ឱកាសដែលបានផ្តល់ឲ្យយើង បានរៀនសូត្រពេញបរិបូរណ៍ និងរស់នៅក្នុងជីវភាពល្អបែបនេះ គឺកើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទេសក៍ដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៩នេះ ស្រុកមោងប្ញស្សី មានសិស្សចំនួន៦៩០នាក់ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមានសិស្សចំនួន៤៨៦នាក់ ដែលទទួលបានជោគជ័យ ក្នុងការប្រឡងនេះ។ នៅក្នុងចំណោមសិស្ស៤៨៦នាក់នោះ មានសិស្សទទួលបាននិទ្ទេស A ចំនួន៣នាក់ និទ្ទេស B ចំនួន១០នាក់ និទ្ទេស C ចំនួន៣៤នាក់ និទ្ទេស D ចំនួន១០៤នាក់ និងនិទ្ទេស E ចំនួន៣៣៥នាក់៕