(យ៉ាងហ្គូន, មីយ៉ាន់ម៉ា)៖ «Chatrium Hotel Royal Lake Yangon» ជាសណ្ឋាគារលំដាប់ផ្កាយ៥ដ៏ល្បីមួយនៅក្នុងទីក្រុងយុំាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។ មិនត្រឹមតែមានប្រណិតភាព និងផាសុខភាពទាក់ទាញដល់ការស្នាក់នៅនោះទេ សណ្ឋាគារនេះមានទីតាំងស្ថិតនៅក្បែរបឹង Kandawgyi ដែលជាបឹងធម្មជាតិដ៏ធំក្នុងក្រុងយុាំងហ្គូន ហើយហ៊ុមព័ទ្ធដោយព្រៃឈើយ៉ាងខៀវស្រងាត់ថែមទៀតផង។
សណ្ឋាគារនេះនៅជិតប្រាសាទ Shwedagon ជាប្រាសាទបុរាណដ៏ល្បាញល្បីរបស់មីយ៉ាន់ម៉ា ដែលអ្នកទេសចរកម្រនឹងរំលងពេលមកកម្សាន្តនៅមីយ៉ាន់ម៉ា។ ពេលស្នាក់នៅក្នុងសណ្ឋាគារ Chatrium គេអាចទស្សនាកំពូលប្រាសាទបានយ៉ាងច្បាស់ ហើយក៏អាចគយគន់ទិដ្ឋភាពបឹង ព្រៃឈើ និងទិដ្ឋភាពក្នុងទីក្រុងយុំាងហ្គូន បានយ៉ាងច្បាស់ផងដែរ។
ប្រសិនបើចង់ទៅលេងប្រាសាទបុរាណ Shwedagon ដែលមានអាយុកាលជាង ២,៦០០ឆ្នាំនោះ គេចំណាយពេលដើរតែ១២នាទីប៉ុណ្ណោះ ហើយគេក៏អាចទស្សនាសួនសត្វនៅក្បែរនោះផងដែរ។ សណ្ឋាគារ Chatrium មានចម្ងាយប្រមាណតែ ១៦គីឡូម៉ែត្រប៉ុណ្ណោះពីអាកាសយានដ្ឋានក្នុងក្រុងយុំាងហ្គូន ដែលជួយសម្រួលដល់អ្នកទេសចរក្នុងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន។
សម្រាប់បន្ទប់ស្នាក់នៅវិញត្រូវបានរចនាឡើងយ៉ាងល្អប្រណិត និងភាពទាក់ទាញសមស្របនឹងការរស់នៅបែបស៊ីវិល័យ។ នៅក្នុងសណ្ឋាគារនេះ ក៏មានក្លឹបកម្សាន្តផ្តល់នូវភាពប្រណីត និងបន្ទប់សម្រាកលំហែរឯកជន ហើយក៏មានបន្ទប់សម្រាប់ប្រជុំផងដែរ។
សណ្ឋាគារមានភោជនីយដ្ឋាន និងបារចំនួន៦ ជាមួយអាហាររសជាតិឆ្ងាញ់ៗ មានអាងទឹកសម្រាកលំហែកាយបែបឆ្នេរសមុទ្រ ហើយក៏មានក្លឹបហាត់ប្រាណ។ ក្នុងសណ្ឋាគារក៏មានសេម៉ាស្សាផងដែរ។
ព្រោះតែភាពទាក់ទាញជាមួយប្រណិតភាពនៃបន្ទប់ អមជាមួយសម្រស់ធម្មជាតិអមជុំវិញអគារនេះហើយ ទើបសណ្ឋាគារ Chatrium ក្លាយជាកន្លែងទាក់ទាញសម្រាប់ថ្នាក់ដឹកនាំពិភពលោកពេលចូលមកប្រជុំនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីប្រទេសតំបន់អឺរ៉ុប ព្រមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត សុទ្ធតែធ្លាប់ស្នាក់នៅក្នុងសណ្ឋាគារមួយនេះ៕