(ក្រចេះ)៖ នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានជូនអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ៤០០គ្រួសារ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ពិធីនេះធ្វើឡើងលើទីទួលសុវត្ថិភាពចំនួន២ ទី១ ក្នុងសាលាស្រុកព្រែកប្រសព្វ ចំនួន ២១០គ្រួសារ និងទី២ នៅក្នុងវត្តសិរីបុណ្ណារាមកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ចំនួន១៩០គ្រួសារ ដោយបាន ការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តផងដែរ។
ក្នុងឱកាសនៃពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងក្នុងនាមសម្តេចជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។
ជាចុងក្រោយលោកវេជ្ជ. អ៊ុយ សំអាត បានកោតសរសើរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចធន់ទៅនឹងទឹកជំនន់ ហើយអាចរស់នៅបានដោយពុំមានគ្រោះថ្នាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំសូវឮ មើលពុំសូវឃើញកុំឱ្យទៅក្បែរទឹក និងក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ចូរមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើងនិងក្រោយទឹកស្រកទៅវិញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើដំណើរ នៅពេលទឹកឡើងនិងស្រកទៅវិញ ព្រោះ ផ្លូវ ស្ពាន អាចរងការខូចខាត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បានគ្រប់ពេលវេលា។
បន្ទាប់ពីសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរួចមក លោកវេជ្ជ. អ៊ុយ សំអាត និងគណៈប្រតិភូ បានអញ្ជើញយកទេយ្យទានជាគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅក្នុងវត្តសិរីបុណ្ណារាមកំពង់គរ នោះផងដែរ។
បញ្ជាក់ពីលើអំណោយដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនរួមមាន មី ១កេស, ត្រីខ១០កំប៉ុង ហើយនោះ ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៤០០គ្រួសារ ក៏ទទួលបាននូវ អង្ករ ២៥គីឡូក្រាម ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងមុង១ ក្នុងមួយគ្រួសារពីមន្ទីរសុខាភិបាលខេត្តក្រចេះផងដែរ៕