(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឧបត្ថម្ភថវិកាដល់សិស្សចំនួន ៦នាក់ ដែលខ្លះស្ថិតក្នុងជីវភាពក្រីក្រ និងមានពិការភាពម្នាក់ ក្រោយប្រឡងជាប់បាក់ឌុបកាលពីពេលកន្លងទៅ ដើម្បីលើកទឹកចិត្តឱ្យពួកគេបន្តខិតខំសិក្សានៅថ្នាក់ឧត្តមសិក្សាថែមទៀត។
ក្នុងពេលជួបជាមួយសិស្សពិការ និងសិស្សមានជីវភាពក្រីក្រខាងលើ លោករដ្ឋមន្ត្រីបានលើកឡើងពីការតស៊ូសិក្សារបស់លោក កាលពីកំលុងពេលលោកស្ថិតក្នុងវ័យសិក្សា ហើយក៏បានប្រាប់ពីបទពិសោធន៍សិក្សា និងការវិវត្តមួយចំនួនក្នុងសង្គមបច្ចុប្បន្ន ខណៈពិភពលោកកំពុងឈាន់ដល់ដំណាក់កាលបដិវត្តឧស្សាហកម្ម ៤.០។
លោករដ្ឋមន្ត្រីក៏បានដាស់តឿនឱ្យសិស្សប្រឡងជាប់បាក់ឌុបទាំង៦នាក់ខាងលើ ត្រូវខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងជាធនធានល្អសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានឧបត្ថម្ភថវិកាដល់សិស្សទាំង៦នាក់ខាងលើ ក្នុងម្នាក់ទទួលបាន ២លានរៀល និងបានឧបត្ថម្ភថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល ដល់តំណាងយុវជនស្រុកបារាយណ៍ម្នាក់ ដែលបានជូនសិស្សទៅប្រឡង និងជួយយកអាសារដល់សិស្សដែលត្រូវទៅប្រឡងផងដែរ។
បើតាមអភិបាលស្រុកបារាយណ៍ លោក អ៊ួង សារឿន បានឱ្យដឹងថា សិស្សនៅស្រុកបារាយណ៍ដែលមានឈ្មោះប្រឡងបាក់ឌុបមានចំនួន ៥៤០នាក់ (ស្រី ២៩៤នាក់) ក្នុងនោះបានទៅប្រឡងបាក់ឌុបចំនួន ៥៣៩នាក់ (ស្រី ២៩៤នាក់)។ សិស្សដែលបានប្រឡងជាប់មានចំនួន ៤៣០នាក់ (ស្រី ២៤៤នាក់) គិតជាអាត្រា ៧៩.៧៨% ក្នុងនោះសិស្សទទួលបាននិទ្ទេស A ចំនួន ២នាក់ (ប្រុស) និទ្ទេស B ចំនួន ៥នាក់ (ស្រី ២នាក់) និទ្ទេស C ចំនួន ៣៧នាក់ (ស្រី ៣២នាក់) និទ្ទេស D ចំនួន ១១៦នាក់ (ស្រី ៧២នាក់) និទ្ទេស E ចំនួន ២៧០នាក់ (ស្រី ១៤៧នាក់)។ ក្នុងចំណោមនោះមានសិស្សពិការចំនួន ១នាក់ (ស្រី) និងសិស្សក្រីក្រដែលទទួលបានការជួយទំនុកបម្រុងចំនួន ៥នាក់។ ចំណែកសិស្សធ្លាក់មានចំនួន ១០៩នាក់ (ស្រី ៥០នាក់)។
ចំពោះសិស្សប្រលងជាប់និទ្ទេស A ទូទាំងខេត្តកំពង់ធំ ១៤នាក់ លោករដ្ឋមន្ត្រីនឹងជួបសំណេះសំណាលរួមជាមួយថ្នាក់ដឹកនាំខេត្ត នៅពេលក្រោយ៕