(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក BOH TUANSIN ដែលជានាយកសាកលវិទ្យាល័យ អ៉ិកសែល ប៉ូលីធាន (Excelpolitan University) បានធ្វើសន្និសីទសារព័ត៌មាន ស្តីអំពី ករណីកម្លាំងសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះបង្ក្រាបជនជាតិចិនចំនួន១០៥នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ។

លោក BOH TUANSIN បានប្រាប់ភ្នាក់ងារ Fresh News ថា ចំពោះករណីដែលកម្លាំងអន្ដោប្រវេសន៍ បើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិន សរុប១០៥នាក់ (ស្រី១០នាក់) កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធើណេត(Game Online) នៅក្នុងសាកលវិទ្យាល័យ គឺមិនមានការពាក់ព័ន្ធនឹង សាកលវិទ្យាល័យនោះទេ ។

លោកបានបញ្ជាក់ថា ដោយមានបុរសម្នាក់ជាជនជាតិម៉ាឡេស៉ី ជាអ្នកមើលការខុសត្រូវ និងគ្រប់គ្រងអាគារសាកលវិទ្យាល័យទាំងមូល ហើយក៏បានដាក់ជួលទៅឲ្យជនជាតិចិន ប៉ុន្តែមិនបានបញ្ជាក់ថា ក្រុមជនជាតិចិនទាំងនោះប្រកបរបរកស៉ីអ្វីនោះឡើយ។ ចំណែកឯលោកក៏មិនបានដឹងអំពីព័ត៌មាន នៃការជួលអាគារនេះ ទៅឲ្យជនជាតិចិនដែរ។

សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបើកប្រតិបត្តិការចាប់ខ្លួនជនជាតិចិន សរុប១០៥នាក់ ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និងបើកល្បែងតាមអ៊ីនធើណេត (Game Online) ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ប្រតិបត្តិការចាប់ខ្លួនជនជាតិចិនទាំង១០៥នាក់នេះ ត្រូវបានធ្វើឡើងក្នុងអគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល បានបញ្ជាក់ទៀតថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនទាំងអស់នេះ មានបំពាក់ស្លាកយីហោសាកលវិទ្យាល័យ «Excelpolitan University» ប៉ុន្ដែធាតុពិតទីតាំងនេះ បើកជួលឲ្យប្រព្រឹត្តអំពើល្មើសច្បាប់ទៅវិញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត កុំព្យទ័រលើតុ DeskTop ចំនួន៨០គ្រឿងផងដែរ។

លោកប្រធាននាយកដ្ឋានរូបនេះ បានអះអាងថា ជនជាតិដែលសមត្ថកិច្ចចាប់ខ្លួននៅពេលនេះ មានខ្លះពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ និងខ្លះទៀត ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងតាមអ៊ីនធើណេត៕