(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក យ៉ក់ ង៉ុយ បានលើកឡើងចំពោះមុខនិស្សិត និងសិស្សានុសិស្ស ដែលមកតាមបណ្តាវិទ្យាល័យផ្សេងៗគ្នា ជាង២០០នាក់ថា ការរៀបចំ «ពិធីតាំងពិព័រណ៍ស្នាដៃនិស្សិត» នៅតាមបណ្តាសាកលវិទ្យាល័យ ជាពិសេសនៅសាកលវិទ្យាល័យន័រតុន គឺជាសកម្មភាពមួយដែលដុសខាត់សមត្ថភាពរបស់ពួកគាត់ ក្នុងការបង្កើនចំណេះដឹងបន្ថែមទៀត។
ការលើកឡើងរបស់រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ ធ្វើឡើងក្នុង «ពិធីតាំងពិព័រណ៍ស្នាដៃនិស្សិត» នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលមានការចូលរួមពី លោក ចាន់ សុខឃាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន រួមនឹងសាស្រ្តចារ្យជាច្រើនរូបទៀតផងដែរ។
រដ្ឋលេខាធិការក្រសួងអប់រំ លោក យ៉ក់ ង៉ុយ បានថ្លែងថា «ការរៀបចំពិធីតាំងពិព័រណ៍ស្នាដៃនិស្សិតនេះ គឺជាសកម្មភាពគួរឲ្យកោតសរសើរមួយ ព្រោះវាជាការជម្រុញ និងលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សា និងការដុសខាត់សមត្ថភាពរបស់ពួកគាត់។ នេះក៏ជាឱកាសសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីទទួលព័ត៌មាន និងចំណេះដឹងបន្ថែម ជាពិសេសគឺជាតម្រង់ទិសមួយ ដែលជំនួយដល់ការសម្រេចចិត្តជ្រើសរើស ជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ប្អូនៗ សិស្សានុសិស្សដែលចង់សាងអនាគត ប្រកបដោយភាពជោគជ័យ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន»។
លោក ចាន់ សុខឃាង បានឲ្យដឹងដែរថា «ការសិក្សាក្នុង និងការប្រឡងមិនគ្រប់គ្រាន់នោះទេ បើមិនមានការអនុវត្តន៍។ ហើយនិស្សិតក៏បានប្រើប្រាស់ពេលវេលា ស្វែងយល់ពីការធ្វើការងារជាក្រុមដែរ។ សកម្មភាពទាំងនេះចាត់ទុកជាជួយ ឲ្យបន្ថែមតម្លៃក្នុងពេលសម្រាករបស់និស្សិត ជាជាងការចំណាយពេលវេលា ដោយមិនមានប្រយោជន៍»។
លោកបន្តថា «ជារៀងរាល់ឆ្នាំ ឆ្លៀតពេលវិស្សមកាល ដើម្បីឲ្យនិស្សិតបានអនុវត្ត នៃមេរៀនដែលបានសិក្សារួចហើយនោះ សាកលវិទ្យាល័យន័រតុនតែងតែរៀបចំ ពិព័រណ៍ស្នាដៃនិស្សិត នេះឡើង។ ហើយក៏ជាការលើកទឹកចិត្តដល់និស្សិត ដែលចង់មានឱកាសបង្ហាញនូវស្នាដៃ និងទេពកោសល្យតាមជំនាញរបស់ខ្លួនដែរ»។
សូមជម្រាប់ថា បច្ចុប្បន្នសាកលវិទ្យាល័យន័រតុន មានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ស្ទើរគ្រប់ជំនាញ។ សម្រាប់វិស័យវិទ្យាសាស្រ្ត យើងមានជំនាញស្ថាបត្យកម្ម, កុំព្យូទ័រ, អគ្គិសនី និងសំណង់ស៊ីវិល។ ក្នុងជំនាញវិទ្យាសាស្ត្រសង្គមមានដូចជា ពាណិជ្ជសាស្ត្រ, វិទ្យាសាស្ត្រសេដ្ឋកិច្ច, ច្បាប់ និងទេសចរណ៍។ សម្រាប់ជំនាញទំនាក់ទំនង និងបង្រៀន គឺស្ថិតនៅក្នុងផ្នែកភាសាអង់គ្លេស។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ន័រតុន ក៏បានទទួលការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមហាវិទ្យាល័យថ្មីមួយទៀត គឺមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល៕