(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ត្រូវគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាភាពស្អាត អនាម័យ និងសុវត្ថិភាពចំណីអាហារ ចង្ហាន់ជាដើមឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាំងពីថ្ងៃកាន់បិណ្ឌទី១នេះទៅ។
ការថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើង ក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញរាប់បាត្រដាក់បិណ្ឌក្នុងពិធីកាន់បិណ្ឌទី១ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តស្វាយជីអោក ស្ថិតនៅភូមិស្វាយជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំមូលដ្ឋានក្នុងស្រុកបារាយណ៍ និងស្រុកតាំងគោក។
លោកបានអំពាវនាវដល់គ្រប់វត្តអារាម ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទ សូមគិតគូរលើការថែរក្សាភាពស្អាត អនាម័យ សុវត្ថិភាពចំណីអាហារជាដើម ដើម្បីញ៉ាំងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។
លោករដ្ឋមន្ត្រីក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងដំណើរកម្សាន្តនា ឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រកបដោយភាពសប្បាយរីករាយ និងមានការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន។
ខណៈរដូវវស្សាកំពុងឈានចូលមកដល់នោះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្ត ឲ្យប្រជាកសិករបង្កបង្កើនស្រូវ ផលដំណាំឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ការហូបចុក និងជំរុញការនាំចេញឱ្យកាន់តែច្រើន។
លោក ថោង ខុន ក៏បានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចប្រចាំមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសត្រូវត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិដោយប្រការណាមួយ ក៏ដូចជាបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានចូលរួមឧបត្តម្ភថវិកាចំនួន ៥ពាន់ដុល្លារ កសាងសមិទ្ធផលក្នុងវត្តស្វាយជីអោក ព្រមទាំងប្រគេនបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តផងដែរ៕