(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិត សម រង្ស៉ី ជាជនក្បត់ជាតិ ដែលបានប្រើប្រាស់ពាក្យសម្ដីប្រមាថដល់ អង្គព្រះមហាក្សត្រ ដែលជានិមិត្ត រូប នៃជាតិខ្មែរយើង ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់ទុកថា៖ «សម្តីរបស់ ទណ្ឌិត សម រង្ស៊ី ដែលបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាពាក្យសម្តីប្រកបដោយក្តីប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះកិត្តិយសរបស់ “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត របស់ប្រជារាស្ត្រខ្មែរ។
សម្តីរបស់ទណ្ឌិត សម រង្ស៉ី នោះ ក៏ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរផងដែរដល់រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ មិនអាចទទួលយកបានឡើយ។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមប្រកាសថ្កោលទោស និងសូមប្តេជ្ញាត្រៀមលក្ខណសម្បត្តិគ្រប់បែបយ៉ាង សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាម ដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការពាររដ្ឋធម្មនុញ្ញនៃជាតិយើង។
សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕