(ព្រៃវែង)៖ ស្រុកចំនួន៥ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ នៃខេត្តព្រៃវែង រួមមាន៖ ស្រុកស៊ីធរកណ្តាល ស្រុកពារាំង ស្រុកពោធិ៍រៀង ស្រុកពាមរក៍ និងស្រុកស្វាយអន្ទរ ស្មើ៣២ឃុំ មាន១៩១ភូមិ កំពុងជួបនិងគ្រោះទឹកជំនន់ ដែលអាជ្ញាធរខេត្តកំពុងចាត់វិធានការ ជួយសង្គ្រោះបន្ទាន់។
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០១៩នេះថា គ្រោះទឹកជំនន់នៅខេត្តព្រៃវែង បានជន់លិចចំនួន៥ស្រុក ស្មើ៣២ឃុំ មាន១៩១ភូមិ លើ១,១៤៩ភូមិ ក្នុងនោះគ្រួសារ ដែលរងគ្រោះមានចំនួន៤,៣៣៥គ្រួសារ និងគ្រួសារ ដែលត្រូវជំលៀសមាន១៦គ្រួសារ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា ចំពោះគ្រួសារខ្វះស្បៀង ចំនួន៤៥៥គ្រួសារ និងគ្រួសារមានជំងឺ៥គ្រួសារ ផ្ទះដែលរងផលប៉ះពាល់ចំនួន១,២៨៤ខ្នង និងបានប៉ះពាល់ដល់ស្រូវរដូវវស្សាចំនួន៣,៧៥៣ហិកតា និងខូចខាត១០០ហិកតា។
លោកបន្ដថា ក្នុងនោះប៉ះពាល់ផ្លូវកៅស៊ូប្រវែង១០០ម៉ែត្រ និងផ្លូវលំប្រវែង៨១,៣៣៦ម៉ែត្រ និងខូចខាតផ្លូវលំប្រវែង២,១៦៥ម៉ែត្រ សាលារៀនចំនួន២៤កន្លែង អណ្តូងទឹកចំនួន១៤១អណ្តូង បង្គន់អនាម័យចំនួន១៦៨បង្គន់ ព្រមទាំងប៉ះពាល់ប្រឡាយ និងទំនប់ប្រវែង១៥០,៧៥៨ម៉ែត្រ និងខូចខាតទាំងស្រុងប្រវែង៣០០ម៉ែត្រ។
លោក ឌុច គន្ធា បន្តទៀតថា ចំពោះគ្រោះទឹកជំនន់នេះ អាជ្ញាធរខេត្តព្រៃវែង ដែលមានលោកជា សុមេធី អភិបាលខេត្ត បានដឹកនាំក្រុមការចុះពិនិត្យស្ថានភាពទឹកជំនន់ដោយផ្ទាល់ និងបានណែនាំ ដល់ពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងណែនាំឲ្យអាជ្ញាធរមូលដ្ឋានបន្ថែម ការប្រុងប្រយ័ត្នបានខ្ពស់ ក្នុងការត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងស្វែងរកទីទួលមានសុវត្ថិភាព ជូនពួកគាត់ធានាបាននូវសុខសុវត្ថិភាព។
ពិសេសតំបន់ដែលគ្រោះថ្នាក់ ឬហាមមិនឲ្យធ្វើដំណើរឆ្លងកាត់ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ឲ្យពួកគាត់បានដឹង ហើយអាជ្ញាធរទាំងអស់ ត្រូវដាក់កម្លាំងវេនប្រចាំការ នៅតាមកន្លែងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានត្រៀម និងចែកស្បៀងជូនប្រជាពលដ្ឋផងដែរ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឌុច គន្ធា។
បើតាមលោក ឌុច គន្ធា បានបញ្ជាក់ថា កម្រិតប្រកាសអាសន្ននៅខេត្តព្រៃវែងនោះ៧.៥០ម៉ែត្រ ឥឡូវទឹកនៅ៦.៣២ម៉ែត្រ ជិតប្រកាសអាសន្នហើយ៕